កណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាខិតខំធ្វើឲ្យបទល្មើសគ្រឿងញៀនមានការថយចុះ យ៉ាងហោចណាស់ប្រមាណ ២០ ទៅ៣០ភាគរយ នៅក្នុងអាណត្តិទី៧នេះ ។
ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារសន្តិបណ្ឌិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដល់ឥស្សរជនឥស្សរជនជ័យលាភីចំនួន៤រូប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិ មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា មានទណ្ឌិតប្រមាណជាង ៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោស ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនច្រើនជាងគេ ខណៈពន្ធនាគារកម្ពុជាអាចផ្ទុកចំណុះត្រឹមជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ។
ឯកឧត្តម បានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាបញ្ហាមួយដែលត្រឹមតែកងកម្លាំងសមត្ថកិច្ចមួយ មិនអាចធ្វើបាននោះទេ គឺត្រូវតែមានការចូលរួម ពីគ្រប់ភាគីទាំងអស់ ជាពិសេសឪពុកម្ដាយតែម្ដង ដែលជាភ្នែកច្រមុះរបស់កងកម្លាំង និងជំរុញដល់អភិបាលរាជធានីខេត្ត ខិតខំសហការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ។
ឯកឧត្តម ស សុខា បានបន្ថែមថា នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយ និងចាត់វិធានការ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យមមានមនុស្សស្លាប់លើសពី ៤នាក់ និងរបួសប្រមាណ៧នាក់ ក្នុងមួយថ្ងៃៗ ហើយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវទប់ស្កាត់ និងបង្រ្កាបផងដែរ នូវបញ្ហាក្មេងទំនើង ដែលកំពុងមានការកើនឡើង បង្កឲ្យមានភាពភ័យខ្លាចដល់ពលរដ្ឋដទៃ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ក្នុងឆន្ទៈមោះមុត ដើម្បីអភិវឌ្ឍន៍បណ្ឌិត្យសភាលើគ្រប់ផ្នែក និងផលិតចេញនូវធនធានមនុស្ស ប្រកបដោយសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ សម្រាប់ជាឧត្ដមប្រយោជន៍សង្គមជាតិ ។
ឯកឧត្តម គូសបញ្ជាក់ថា ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្តថ្នាក់ដឹកនាំរបស់ក្រសួង តាមរយៈរូបភាពផ្សេងៗ ហើយពេលនេះក្រសួងបានផ្ដល់ការលើកទឹកចិត្តតាមរូបភាពថ្មីមួយទៀត គឺការសម្រេចផ្ដល់សញ្ញាបត្រ បណ្ឌិតកិត្តិយស និងការផ្ដល់គោរមងារសន្តិបណ្ឌិត ដល់ឥស្សរជន និងថ្នាក់ដឹកនាំចំនួន ៤រូប មានឯកឧត្តម ឡូយ សុផាត ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ឯកឧត្តនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ។
នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍ជូនអង្គពិធី អំពីដំណើរពិនិត្យ និងវាយតម្លៃក្នុងការជ្រើសរើសបេក្ខជនជ័យលាភី សញ្ញាបត្រ បណ្ឌិតកិត្តិយស ដោយផ្អែកលើលក្ខណវិនិច្ឆ័យចំនួន៩ ប្រកបដោយតម្លាភាព និងសុក្រឹតភាព ព្រមទាំងលើកឡើងអំពី គុណកថារបស់ឥស្សជនជ័យលាភីទាំង ៤រូប ដែលបង្ហាញអំពីគុណវុឌ្ឍិ សា្នដៃ បទពិសោធន៍ ការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងសមត្ថភាពដឹកនាំបញ្ជាក្នុងវិស័យសន្តិសុខ អស់រយៈកាលជាង៤០ឆ្នាំ ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ




