ខ្សែប្រយុទ្ធប្រេស៊ីល និង Al-Hilal, Neymar នឹងត្រូវទទួលការវះកាត់ បន្ទាប់ពីរងរបួសដាច់សសៃពួរជង្គង់ខាងឆ្វេងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលាននៅវគ្គទី ១ អំឡុងការប្រកួតចាញ់អ៊ុយរូហ្កាយ ២-០ ព្រឹកថ្ងៃពុធម្សិលមិញនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦។
គេមិនទាន់ដឹងច្បាស់នៅឡើយថា Neymar នឹងសម្រាកព្យាបាលរបួសរបស់ខ្លួនរយៈពេលប៉ុន្មាននៅឡើយ តែតាមការប៉ាន់ស្មានអាចសម្រាកដល់ទៅ ៩ ខែឯណោះ។

កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានរងរបួសជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅជាមួយ PSG, Neymar មានរបួសកជើងទាំងសងខាងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ និងរបួសដែលធ្វើឱ្យគេ អវត្តមានពីក្រុមប្រេស៊ីល ២ ដំបូងនៅ World Cup 2022 ឆ្នាំមុនផងដែរ។
កាលពី World Cup 2014 នៅក្នុងទឹកដីប្រេស៊ីល Neymar មានរបួសបាក់ឆ្អឹងខ្នងនៅពេលត្រូវមួយជង្គង់របស់ Juan Zuniga ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងកូឡុំប៊ី។
ប្រេស៊ីលឈ្នះការប្រកួតនោះតែ Neymar ត្រូវអវត្តមានការប្រកួតនៅសល់ ខណៈប្រេស៊ីលក៏ចាញ់អាល្លឺម៉ង់ធ្ងន់ក ៧-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ
