កីឡាករវាយកូនបាល់អាមេរិក Marcos Giron បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយទំលាក់កីឡាករជើងខ្លាំងន័រវេស Casper Ruud ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយវាយកូនបាល់កម្មវិធី Japan Open នៅទីក្រុងតូក្យូ។

កីឡាករលំដាប់លេខ ៧៩ ពិភពលោក Marcos Giron បានយកឈ្នះទាំងសិតតែម្តង ៦-៣ និង ៦-៤ ទៅលើ Casper Ruud និងបន្តដំណើរទៅវគ្គ ៨ នាក់ចុងក្រោយជួបជាមួយកីឡាករកាណាដា Felix Auger-Aliassime។

ថ្ងៃជាមួយគ្នានោះដែរ កីឡាករអាមេរិកមួយទៀត Tommy Paul ក៏បានបន្តដំណើរទៅមុខដែរ ក្រោយយកឈ្នះមិត្តរួមជាតិ Mackenzie McDonald ៦-៤ និង ៦-២។

ជុំបន្ត Tommy Paul ក៏នឹងត្រូវជួបជាមួយកីឡាករអាមេរិកដែរគឺ Ben Shelton ដែលបានវាយបកយកឈ្នះកីឡាករអូស្រ្តាលី Jordan Thompson ៦-៧(៥-៧) ៦-៤ និង ៦-៣។
ងាកទៅលទ្ធផលផ្សេងទៀត កីឡាករចិន Zhang Zhizhen ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលដែរ ក្រោយយកឈ្នះកីឡាករលំដាប់លេខ ១១ ពិភពលោក Hubert Hurkacz។
Zhang Zhizhen បានយកឈ្នះ Hurkacz ដោយលទ្ធផល ៣-៦ ៦-៤ និង ៧-៤(៧-៤) ដើម្បីបន្តដំណើរជួបជាមួយ Aslan Karatsev៕ អត្ថបទ៖នាង សុភាវុធ