ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានព្រមព្រៀងបើកច្រកឆ្លងកាត់តំបន់ Rafah ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានរថយន្តដឹកជំនួយមនុស្សធម៌ចំនួន២០គ្រឿងដំបូងឆ្លងកាត់។

លោក Biden បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការហៅទូរស័ព្ទទៅកាន់លោក Sisi ពីយន្តហោះ Air Force One ខណៈវិលត្រលប់មកពីដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោក បានបង្ហាញពីសាមគ្គីភាព ជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ថា លោក Sisi បានព្រមព្រៀង អនុញ្ញាតឱ្យរថយន្តដឹកជំនួយរហូតដល់ ២០ គ្រឿងឆ្លងកាត់ ដើម្បីចាប់ផ្តើមបញ្ជូនជំនួយ។

លោក Biden បាននិយាយថា ការដឹកជញ្ជូនទំនងជាមិនទាន់បានឆ្លងកាត់នោះទេរហូតដល់ថ្ងៃសុក្រ ដោយសារផ្លូវឆ្លងកាត់ចាំបាច់ត្រូវជួសជុល។ លោកនិយាយថា ពួកគេជួសជុលផ្លូវ ត្រូវចាក់បំពេញក្លុកដើម្បីឱ្យរថយន្តទាំងនេះឆ្លងកាត់ហើយពួកគេរំពឹងថាវានឹងចំណាយពេលប្រហែល ៨ ម៉ោង។ ប្រធានាធិបតីអាមេរិកបាននិយាយថា រថយន្តដឹកទំនិញចំនួន ២០ គ្រឿងដំបូងនឹងក្លាយជាការសាកល្បងនៃប្រព័ន្ធមួយសម្រាប់បែងចែកជំនួយដោយមិនអនុញ្ញាតឱ្យអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាទទួលបានផលប្រយោជន៍ឡើយ។
លោក Biden បាននិយាយថា ប្រសិនបើ ក្រុមហាម៉ាសរឹបអូស ឬមិនអនុញ្ញាតឱ្យឆ្លងកាត់ ឬគ្រាន់តែរឹបអូសជំនួយ នោះវានឹងចប់ ព្រោះយើងនឹងមិនបញ្ជូនជំនួយមនុស្សធម៌ណាមួយទៅឱ្យក្រុមហាម៉ាស់ឡើយ។
លោកបាននិយាយបន្ថែមថា រថយន្តដឹកទំនិញទាំង ២០ គ្រឿងបានបង្ហាញចំណែកដំបូង ប៉ុន្តែរថយន្ត ១៥០គ្រឿង ឬអ្វីៗផ្សេងទៀត កំពុងរង់ចាំ។