ឈីលី៖ មន្ត្រីនិយាយថា ប្រទេសឈីលីកំពុងប្រឈមមុខចំពោះការដួលរលំ នៃប្រព័ន្ធសុខភាពដោយសារតែខ្វះគ្រែនៅតាមមន្ទីរពេទ្យ ដើម្បីថែទាំអ្នកជំងឺ COVID-19។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសុំអង្វរថា យើងត្រូវការអ្នកដើម្បីសុំឲ្យថែរក្សាខ្លួនឯង ព្រោះមន្ទីរពេទ្យអស់គ្រែដើម្បីសម្រាកព្យាបាល។

គ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ប្រទេសឈីលីប្រមាណ ៩៧% សុទ្ធតែត្រូវបានប្រើប្រាស់សំរាប់អ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ ទោះបីជាប្រជាជនរបស់ប្រទេសនេះ ៥២% បានចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ហើយក៏ដោយ។ ប្រជាជន ៣,១៧០នាក់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មន្ទីរពេទ្យនៅក្នុងប្រទេស ដែល ១,២០០នាក់ក្នុងចំណោមអ្នកទាំងនេះ កំពុងបង្ហាញឲ្យឃើញពីមេរោគបម្លែងថ្មី។
នៅក្នុងរដ្ឋធានី Santiago គ្រែនៅមន្ទីរពេទ្យក្នុងទីក្រុងនេះគឺពេញសមត្ថភាព មិនអាចទទួលអ្នកជំងឺបន្ថែមទៀតបាន។ កាលពីសប្ដាហ៍មុន ប្រទេសឈីលីបានចុះបញ្ជីករណីថ្មីចំនួន ៤៥,៥០០ករណីនៃអ្នកឆ្លងជំងឺ COVID-19 ខណៈប្រទេសនេះមានអ្នកឆ្លងចំនួន ១.៤លាននាក់ និង ២៩,០០០នាក់បានស្លាប់៕
អត្ថបទ៖ ប៊ុនថន