ក្លិបបាល់ទាត់ Newcastle United បានបញ្ជាក់ផ្លូវការហើយថា ខ្សែបម្រើ Sandro Tonali កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអាជ្ញាធរអ៊ីតាលី និងសហព័ន្ធបាល់ទាត់អ៊ីតាលីពាក់ព័ន្ធនឹងរឿងភ្នាល់។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ទើបតែត្រូវបានកាត់ឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិអ៊ីតាលីផងដែរកាលពីសប្តាហ៍មុន។
Sandro Tonali និងកីឡាកររបស់ Aston Villa, Nicolo Zaniolo បានចាកចេញពីជំរំហ្វឹកហាត់របស់អ៊ីតាលី មុនការប្រកួតទល់នឹងម៉ាល់តា និងអង់គ្លេស។
Tonali ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ១៥ លើក បានផ្លាស់មកកាន់ Newcastle ពី AC Milan ក្នុងតម្លៃផ្ទេរ ៥៥ លានផោនកាលពីខែកក្កដា។
កាលពីថ្ងៃអង្គារកន្លងទៅ ខ្សែបម្រើ Juventus, Nicolo Fagioli ទើបតែទទួលការដាក់ពិន័យ ៧ ខែមិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់ និងពិន័យជាទឹកប្រាក់ផងដែរដោយសហព័ន្ធបាល់ទាត់អ៊ីតាលី បន្ទាប់ពីរកឃើញ និងទទួលស្គាល់ដោយសាមីខ្លួនថា ពិតជាមានការពាក់ព័ន្ធរឿងភ្នាល់៕ អត្ថបទ៖នាង សុភាវុធ
