
អ៊ុយក្រែនប្រឈមនឹងរដូវរងារទី ២ជាមួយនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលយូរ ស្របពេលដែលការវាយប្រហារឥតឈប់ឈរដោយមីស៊ីល និងយានដ្រូនរុស្ស៊ី បានធ្វើឲ្យផ្នែកខ្លះនៃប្រព័ន្ធថាមពលងាយរងគ្រោះជាងកាលពីរយៈពេល ១ឆ្នាំមុន ។
ក្រុមវិស្វកររាប់ពាន់នាក់ បានប្រឹងប្រែងដោយគ្មានការនឿយហត់អស់រយៈពេលជាច្រើនខែអំឡុងរដូវក្តៅ ដើម្បីជួសជុលប្រព័ន្ធចរន្តអគ្គិនីសដែលខូច ហើយប្រព័ន្ធការពារដែនអាកាសល្អប្រសើរជាងមុន អាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារសង្រ្គាម ស្របពេលដែលសីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះ ។
ប៉ុន្តែដោយសារតែគ្មានពេលគ្រប់គ្រាន់ ឬថវិកាដើម្បីបញ្ចប់ការត្រៀមខ្លួនសម្រាប់រដូវរងារខាងមុខនេះ ប្រជាពលរដ្ឋរាប់លាននាក់របស់អ៊ុយក្រែន នឹងប្រឈមនឹងពេលយប់គ្មានភ្លើង កម្តៅ និងទឹក ហើយការរងគ្រោះកាន់តែច្រើនមានផងដែរសម្រាប់វិស័យធុរកិច្ច និងសេដ្ឋកិច្ច ។
អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថាមានចេតនាបំផ្លិចបំផ្លាញការដំឡើងថាមពល ដើម្បីធ្វើឲ្យកើតមានការឈឺចាប់កម្រិតអតិបរមាលើមនុស្សធម្មតា គឺជាការចោទប្រកាន់មួយដែលទីក្រុងម៉ូស្គូ បានច្រានចោល ។ ពួកគេអះអាងថា ពួកគេគ្មានគោលដៅទៅលើជនស៊ីវិលនោះទេ ពួកគេមានគោលដៅតែទៅលើទីតាំងយោធាមួយប៉ុណ្ណោះ ។
ការខូចខាតមានទំហំធំធេងខ្លាំងណាស់ ។ អ៊ុយក្រែនពុំបានចែករំលែកទិន្នន័យលម្អិតពីផលប៉ះពាល់ដោយសារការវាយប្រហារនោះឡើយលើប្រព័ន្ធថាមពលរបស់ពួកគេ ដោយសារតែវាគឺជាព័ត៌មានរសើប អំឡុងសម័យសង្រ្គាម ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ(UN)បានប៉ាន់ស្មានកាលពីខែមិថុនាថា សមត្ថភាពបង្កើតថាមពលរបស់អ៊ុយក្រែន បានកាត់បន្ថយប្រហែលពាក់កណ្តាល មុនការវាយលុកពេញលេញរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ នៅក្នុងចំណោមថាមពល ៣៧ជីហ្គាវ៉ាត់ ថាមពេលជាង ១៩ជីហ្គាវ៉ាត់ ត្រូវបានបំផ្លិចបំផ្លាញ ខូចខាត ឬត្រូវបានកាន់កាប់ដោយទាហានរុស្ស៊ី ។
លោក Oleksiy Chernyshovគឺជាប្រធានប្រតិបត្តិក្រុមហ៊ុនថាមពល Naftogaz និយាយថា ឆ្នាំនេះ អាចជាឆ្នាំលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តអ៊ុយក្រែន ពេលដែលពួកយើងពុំបាននាំចូលឧស្ម័នធម្មជាតិណាមួយសម្រាប់ការប្រើប្រាស់អំឡុងរដូវរងាររបស់ពួកយើង ហើយនិងការប្រើប្រាស់ប្រចាំឆ្នាំទាំងអស់របស់ពួកយើង ។ ពួកយើងបានបង្កើនការផលិតរបស់ក្រុមហ៊ុន Naftogaz ៕