
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៨ តុលា) ថា ពួកគេកំពុងស្ថិតក្នុងការប្រណាំងប្រជែង និងមានការលំបាក ជាមួយនឹងរដូវរងាដែលនឹងចូលមកដល់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយជនរងគ្រោះដោយរញ្ជួយដីចំនួនបីករណី ដែលបានបង្ខំមនុស្សម្នាឱ្យស្នាក់នៅនៅខាងក្រៅលំនៅឋាន។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា សីតុណ្ហភាពនៅពេលយប់ បានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពីប្រជាជនដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនទៀត រួមទាំងអ្នកក្រុង ហឺរ៉ាត់ (Herat) កំពុងស្នាក់នៅខាងក្រៅក្នុងទីធ្លាបើកចំហ ដោយភ័យខ្លាចថាផ្ទះរបស់ពួកគេនឹងដួលរលំ នៅពេលមានគ្រោះរញ្ជួយដីបន្ថែមទៀត។
ទីភ្នាក់ងារ OCHA បាននិយាយថា អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងដៃគូមនុស្សធម៌ជាច្រើនទៀតរបស់ពួកគេ បានបញ្ជូនឧបករណ៍ជម្រកសង្គ្រោះបន្ទាន់ តង់ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀតហើយអង្គការយូនីសេហ្វ និងដៃគូ បន្តការចែកចាយទឹក ព្រមទាំងការសាងសង់បង្គន់អនាម័យសម្រាប់ពលរដ្ឋរងគ្រោះផងដែរ។
ទីភ្នាក់ងារ OCHA បានរាយការណ៍កាលពីថ្ងៃចន្ទថា រញ្ជួយដីលើកដំបូងបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៧ ខែតុលា និងគ្រោះរញ្ជួយដីបន្តបន្ទាប់ទៀត បានកើតឡើងនៅថ្ងៃទី១១ ខែតុលា ហើយបានឆក់យកជីវិតមនុស្សជាង ១.៤៨០នាក់ និងមានអ្នករបួស ១.៩៥០នាក់ ហើយរូបភាពពីផ្កាយរណបបង្ហាញថា ភូមិចំនួន ២៨៩ភូមិ ត្រូវបានរងផលប៉ះពាល់ ហើយភូមិថ្មីចំនួន ៣០ទីតាំងផ្សេងទៀត ក៏ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី១៥ ខែតុលា ផងដែរ ជាមួយនឹងការវាយតម្លៃសម្រាប់ការបំផ្លិចបំផ្លាញនៅតែបន្ត៕