
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិន ចំនួន ១៣គ្រឿង ចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ រួមទាំងយន្តហោះចម្បាំង និងយានដ្រូនជាច្រើនគ្រឿង អមជាមួយនាវាចម្បាំងចិន ដែលកំពុងធ្វើ «ការល្បាតប្រយុទ្ធ» និងសមយុទ្ធ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ បានរកឃើញយន្តហោះចម្បាំង និងយានដ្រូនរាប់រយគ្រឿង ចូលក្នុងតំបន់ដែនអាកាសរបស់ខ្លួន ដោយបានបង្កើនភាពតានតឹងដែលមានរួចទៅហើយនោះរវាងភាគីទាំងពីរផងដែរ។
កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរម្តងហើយម្តងទៀត ក្នុងរយៈពេល ៤ឆ្នាំមកនេះ នៃសកម្មភាពយោធារបស់ចិននៅជុំវិញកោះនេះ រួមទាំងឈុតឆាកសមយុទ្ធដ៏ធំចំនួនពីរ នៃល្បែងសង្រ្គាមរបស់ចិន នៅជិតកោះនេះ ចាប់តាំងពីខែសីហា ឆ្នាំមុនមក ដោយបង្កើនភាពភ័យខ្លាចនៃជម្លោះ ដែលនឹងបង្កឲ្យមានផលប៉ះពាល់ជាសកល៕