អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ មកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើទស្សនកិច្ចនៅកំពង់ផែនេសាទ ជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើសំណាកទឹកសមុទ្រ និងត្រី ជាលើកដំបូងចាប់តាំងពីប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចរបស់រោងចក្រ កាលពីខែសីហា។
អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រមកពីប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសកាណាដា បានរួមដំណើរក្រុមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីប្រមូលសំណាកត្រី ដែលត្រូវបានផ្តល់ឲ្យស្រស់ៗ ចេញពីទូក នៅកំពង់ផែនេសាទ Hisanohama នៅខេត្ត Fukushima ប្រទេសជប៉ុន។
សំណាកនឹងត្រូវបានផ្តល់ទៅឲ្យមជ្ឈមណ្ឌលស្រាវជ្រាវ ក្នុងខេត្ត Chiba ហើយនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍របស់ប្រទេសនីមួយៗ សម្រាប់ការធ្វើតេស្តដោយឯករាជ្យ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងបញ្ចេញរបាយការណ៍គ្រប់ជ្រុងជ្រោយ រួមមានទាំងលទ្ធផលតេស្តមកពីមន្ទីរពិសោធន៍នីមួយៗ។ ការបញ្ចេញទឹកសំណល់របស់ប្រទេសជប៉ុនពីរោងចក្រថាមពល Fukushima ចូលទៅក្នុងមហាសមុទ្រ Pacific បានជំរុញឲ្យប្រទេសចិនដាក់បម្រាមការនាំចូលអាហារសមុទ្រទាំងអស់ ពីប្រទេសជប៉ុន។
កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ី បានចូលរួមជាមួយប្រទេសចិន ក្នុងការនិយាយថាជប៉ុនពុំមានតម្លាភាពគ្រប់គ្រាន់អំពីសុវត្ថិភាពទឹក ជាទស្សនៈមួយដែលប្រទេសប៉ុន និងសហរដ្ឋអាមេរិក បាននិយាយថា គ្មានមូលដ្ឋាន។