
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយ ឬប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ដែលសហរដ្ឋអាមេរិក បានផ្គត់ផ្គង់ដល់អ៊ុយក្រែន នឹង «មិនជួយផ្លាស់ប្តូរអ្វីច្រើននោះឡើយ សម្រាប់ស្ថានភាពនៅសមរភូមិ»។
សេចក្តីថ្លែងការណ៍របស់លោកពូទីន កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) បានកើតឡើង បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានធ្វើការវាយប្រហារលើអាកាសយានដ្ឋាន ដែលគ្រប់គ្រងដោយរុស្ស៊ី និងកន្លែងផ្សេងទៀត នៅក្នុងតំបន់កាន់កាប់នៃប្រទេសអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធមីស៊ីលតាកទិចកងទ័ព ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគជឿថា មីស៊ីលនេះត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើអាកាសយានដ្ឋាននៅទីក្រុង Berdyansk ភាគខាងត្បូង និងទីក្រុង Luhansk ភាគខាងកើត។ គោលដៅដែលត្រូវបានបំផ្លាញ រួមមានឧទ្ធម្ភាគចក្រ និងឃ្លាំងរំសេវ។ សារព័ត៌មាន New York Times កាលពីថ្ងៃអង្គារ បានដកស្រង់សម្តីមន្ត្រីលោកខាងលិច ២រូប ដែលនិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីលប្រហែល ២០គ្រាប់ទៅឲ្យប្រទេសអ៊ុយក្រែន។
វិទ្យាស្ថានស្រាវជ្រាវពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហាររបស់ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព ឬ ATACMS របស់អ៊ុយក្រែន ទៅលើអាកាសយានដ្ឋានរុស្ស៊ីសំខាន់ៗ នៅអ៊ុយក្រែន ទំនងជានឹងជំរុញឲ្យបញ្ជាការរុស្ស៊ី ទុកទ្រព្យសម្បត្តិផ្នែកអាកាសចរណ៍នៅបែកខ្ញែកពីគ្នា និងដកយន្តហោះមួយចំនួនពីអាកាសយានដ្ឋានបន្ថែមទៀតពីសមរភូមិជួរមុខ៕