
ជើងហោះហើរនិរទេសរបស់អាមេរិកលើកដំបូងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ក្រោមគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋបាលលោក Joe Biden បានចុះចតនៅទីក្រុងការ៉ាកាស កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ដែលជាផ្នែកនៃវិធានការដ៏តឹងរ៉ឹង ចំពោះការអនុវត្តនៅតាមព្រំដែន ខណៈដែលសហរដ្ឋអាមេរិក កំពុងប្រឹងប្រែងដោះស្រាយជាមួយនឹងការឆ្លងដែនខុសច្បាប់។
ទូរទស្សន៍រដ្ឋវេណេហ្ស៊ុយអេឡា បានបង្ហាញពលរដ្ឋវេណេស៊ុយអេឡាចុះពីយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar ទទួលការត្រួតពិនិត្យសុខភាព និងត្រូវបានចុះបញ្ជី ដោយមន្ត្រីអន្តោប្រវេសន៍ នៅពេលពួកគេទៅដល់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដោះស្រាយជាមួយនឹងចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនបំផុត ដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ ដែលជានិន្នាការជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃប្រជាជនវេណេហ្ស៊ុយអេឡា ដោយពួកគេមានបំណងភៀសខ្លួនចេញពីស្ថានភាពអស្ថិរភាពខាងសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសកំណើតរបស់ខ្លួន ដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ការចាប់ផ្ដើមនូវវិធានការនិរទេសខ្លួននេះ កើតមានឡើងវិញ ប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់លោក Biden បានផ្តល់ការបន្ធូរបន្ថយការនិរទេស និងលិខិតអនុញ្ញាតការងារដល់ប្រជាជនវេណេហ្ស៊ុយអេឡាជិតកន្លះលាននាក់ ដែលបានមកដល់សហរដ្ឋអាមេរិកនៅ ឬមុនថ្ងៃទី៣១ ខែកក្កដា ដោយលើកឡើងពី «អស្ថិរភាព ដែលកើនឡើងឥតថមថយ និងកង្វះសុវត្ថិភាពរបស់វេណេហ្ស៊ុយអេឡា»៕