
សកម្មជនសន្តិភាពជ្វីហ្វរាប់រយនាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយអំពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងសភា ជួយជំរុញឲ្យមានបទឈប់បាញ់។
បាតុករប្រហែល ២០០នាក់ ដែលភាគច្រើនមកពីក្រុម Jewish Voice for Peace (សំឡេងរបស់ជនជ្វីហ្វ ដើម្បីសន្តិភាព) បាននាំគ្នាទៅផ្ដុំជារង្វង់នៅអគារ Cannon House Office Building ក្បែរវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ដោយស្រែកថា «ពិភពលោកកំពុងសម្លឹងមើលមក»។ អ្នកតវ៉ាទាំងទាំងនោះ ពាក់អាវយឺតពណ៌ខ្មៅ ដែលសរសេរអក្សរជាសារថា «ពួកជនជាតិជ្វីហ្វ និយាយថា បញ្ឈប់ការបាញ់ប្រហារគ្នា ឥឡូវនេះ» និង«សង្គ្រាមនោះ មិនស្ថិតក្នុងកិត្តិនាមរបស់យើងទេ»។
នគរបាលវិមានកាពីតូលរបស់សហរដ្ឋអាមេរិក បាននិយាយថា មន្ត្រីរបស់ខ្លួន បានចាប់ផ្តើមចាប់ខ្លួនបាតុករ ដែលមិនព្រមធ្វើតាមបញ្ជាឲ្យបំបែកគ្នា។ បាតុករប្រមាណ ៥០០នាក់ផ្សេងទៀត បានបិទផ្លូវឯករាជ្យ នៅខាងក្រៅ៕