កោះកុង ៖ ប្រជាកសិកររស់នៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងរីករាយនឹងការប្រមូលផលផ្លែទុរេ ដោយបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ទោះបីជាបច្ចុប្បន្នកម្ពុជា បានជួបវិបត្តិកូវីដ ក្នុងសហគមន៍យ៉ាងណាក្តី។
សម្រាប់ឆ្នាំ២០២១នេះ ទិន្នផលផ្លែទុរេ ហុចផលទ្វេដង ប្រជាកសិករនៅក្នុងឃុំតាទៃលើ បន្ទាប់ពីពួកគាត់ខិតខំថែទាំយ៉ាងយកចិត្តទុកដាក់អស់ពេលជាច្រើនឆ្នាំមកនេះ ទម្រាំទទួលបានផ្លែផ្កា។
តាមការបញ្ជាក់របស់ក្រុមប្រជាកសិករ ឃុំតាទៃលើ កាលពីថ្ងៃទី៣ ខែមិថុនាថា ពួកគាត់ទទួលចំណូលចាប់ពី១ម៉ឺនដុល្លារដល់១២ម៉ឺនដុល្លារពីការលក់ទុរេ ទៅឱ្យឈ្នួញកណ្តាលនៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តដ៏ទៃទៀត ជាពិសេសគឺខេត្តកំពត តែម្តង។
កសិករ៣នាក់ ក្នុងចំណោមកសិករជាច្រើនអ្នកផ្សេងទៀត បានបញ្ជាក់ដែរថា ទិន្នផលទុរេ ហុចផលឱ្យទៅតាមសណ្ឋានផ្ទៃដីដាំដុះទុរេខុសៗគ្នា ខ្លះ៤ហិចតា ខ្លះ៦ហិចតា និងខ្លះទៀត៨ហិចតា។ ដំបូងឡើយ ពួកគាត់ព្រួយបារម្ភខ្លាំងការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដំណើរការលក់ផ្លែទុរេ។
ជាភាពត្រេកអរ លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង មានមោទនភាពខ្លាំងចំពោះប្រជាពលរដ្ឋរបស់លោកដែលដាំដុះទុរេ បានល្អប្រសើររហូតដល់ទទួលបានចំណូលខ្ពស់គួរឱ្យកោតសរសើរ។ សព្វថ្ងៃនេះ ផ្ទៃដីដែលអំណោយផលខ្លាំងជាងគេដល់ការដាំដុះទុរេ មានឃុំតាទៃលើ និងឃុំឫស្សីជ្រុំ។
បើតាមលោក ស៊ន ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ការធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មបាំង បង្ហាញថា នៅឆ្នាំ២០២០ កន្លងទៅ ផ្ទៃដីដាំដុះទុរេ នៅក្នុងស្រុកមានចំនួន១៦២ហិចតា ព្រមទាំងបាននាំចេញទៅលក់នៅរាជធានីភ្នំពេញ បណ្តាខេត្តផ្សេងៗ ក៏ដូចជាប្រទេសថៃ ចំនួន១៨២តោន កើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ឃុំចំនួន៤ក្នុងស្រុកថ្មបាំង ដែលមានប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ដាំដុះដំណាំផ្លែទុរេប្រភេទ ម៉ាន់ថង ផួងមណី សូនី និងកាន់យ៉ាវ គឺមាននៅឃុំតាទៃលើ ឃុំឫស្សីជ្រុំ ឃុំថ្មដូនពៅ និងឃុំជីផាត៕
អត្ថបទ ៖ ឈឹម មករា



