
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំមកនេះ។ លោក Lavrov ត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងជើងរបស់លោក លោកស្រី Choe Sun Hui នៅអាកាសយានដ្ឋានជិតរដ្ឋធានីព្យុងយ៉ាង។
រដ្ឋមន្ត្រីទាំងពីរ ត្រូវបានគេរំពឹងថា ពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍នេះស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងសេដ្ឋកិច្ច។
លោក Lavrov បានទៅដល់ប្រទេសកូរ៉េខាងជើងកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីស្នាក់នៅក្នុងទីក្រុងប៉េកាំង។ លោក ធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើង។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបសន្ទនាគា្នកាលពីខែមុន នៅតំបន់ចុងបូព៌ា ប្រទេសរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា លោក Lavrov បាននិយាយនៅកន្លែងធ្វើបដិសណ្ឋារកិច្ចថា ដំណើរទស្សនកិច្ចរបស់លោក នឹងផ្តល់ឱកាដ៏មានតម្លៃចំពោះការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ និងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលបានឈានដល់រវាង មេដឹកនាំរបស់ប្រទេសទាំងពីរ។