
អតីតអ្នកការទូតអាមេរិកមួយក្រុម និងក្រុមតំណាងនៃអង្គការតាំងទីលំនៅថ្មី បានស្នើឲ្យប៉ាគីស្ថានកុំនិរទេសជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលកំពុងរង់ចាំទិដ្ឋាការអាមេរិក ក្រោមកម្មវិធីអាមេរិកដែលផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលប្រឈមហានិភ័យ ដោយរត់ចេញពីការគ្រប់គ្រងរបស់ពួកតាលីបង់។
ការអំពាវនាវនៅក្នុងលិខិតចំហមួយកាលពីថ្ងៃពុធចុះហត្ថលេខាដោយអតីតមន្ត្រីអាមេរិកចំនួន៨០រូប ឥស្សរជន និងក្រុមតាំងទីលំនៅថ្មីចំនួន បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប៉ាគីស្ថាន បានប្រកាសការបង្រ្កាបជនអន្តោប្រវេសន៍ដែលរស់នៅក្នុងប្រទេសដោយខុសច្បាប់ រួមទាំងជនជាតិអាហ្វហ្គានីស្ថានចំនួន ១,៧ លាននាក់ ដោយប្រាប់ពួកគេឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញត្រឹមថ្ងៃទី៣១ ខែតុលានេះ ដើម្បីចៀសវាងការចាប់ខ្លួន និងបណ្ដេញចេញទ្រង់ទ្រាយធំ។
កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិ បាននិយាយថា ការនិរទេសនៃជនជាតិអាហ្វហ្គានីស្ថានដោយបង្ខំ អាចនាំឲ្យមានការរំលោភសិទ្ធិមនុស្ស រួមទាំងការបំបែកពីក្រុមគ្រួសារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ាគីស្ថាន បដិសេធមិនកំណត់គោលដៅលើជនជាតិអាហ្វហ្គានីស្ថាន ហើយនិយាយថា ការផ្តោតសំខាន់ គឺទៅលើមនុស្សដែលស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ ដោយមិនគិតពីសញ្ជាតិរបស់ពួកគេទេ។
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថា ពេលវេលាអស់ហើយសម្រាប់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសដោយខុសច្បាប់ ហើយពួកគេត្រូវតែត្រឡប់ទៅប្រទេសរបស់ពួកគេវិញ នៅមុនថ្ងៃទី ៣១ ខែតុលា ដើម្បីចៀសវាងការចាប់ខ្លួន និងការបណ្តេញចេញ។