
សភារុស្ស៊ីបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបំពេញបំណងរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ដោយបញ្ចប់ការអនុម័តការស្នើច្បាប់ ដែលកែប្រែជំហរផ្លូវច្បាប់របស់ទីក្រុងម៉ូស្គូលើការសាកល្បងអាវុធនុយក្លេអ៊ែរ ក្នុងពេលដែលមានភាពតានតឹងដ៏ស្រួចស្រាល់ជាមួយលោកខាងលិច។
សភាជាន់ទាប ឬរដ្ឋសភា Duma កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) បានអនុម័តដំណើរការលើកទី២ និងទី៣ នៃសំណើរច្បាប់ ដែលលុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ីលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT)។ ដំណាក់កាលទាំង២ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយសំឡេង ៤១៥ទល់នឹងសូន្យ។
លោក ពូទីន បានជំរុញឲ្យសភា Duma កាលពីថ្ងៃទី៥ ខែតុលា ធ្វើការផ្លាស់ប្តូរ ដើម្បី «ធ្វើជាកញ្ជក់ឆ្លុះពី» ជំហររបស់សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា ប៉ុន្តែមិនផ្តល់សច្ចាប័នលើសន្ធិសញ្ញាឆ្នាំ១៩៩៦ នេះ។
រុស្ស៊ីនិយាយថា ខ្លួននឹងមិនបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន អនុវត្តបែបនោះ ប៉ុន្តែអ្នកជំនាញគ្រប់គ្រងអាវុធមានការព្រួយបារម្ភថា វាអាចឈានទៅរកការសាកល្បងដែលលោកខាងលិចយល់ថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើង ក្នុងបរិបទនៃសង្គ្រាម នៅអ៊ុយក្រែន។
សូមបញ្ជាក់ថា នៅសតវត្សរ៍នេះ គ្មានប្រទេសណានោះឡើយ បានធ្វើតេស្ដពាក់ព័ន្ធនឹងនុយក្លេអ៊ែរ លើកលែងតែកូរ៉េខាងជើង៕