
នៅថ្ងៃព្រហស្បតិ៍នេះ នាយកដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak បានចុះចតនៅប្រទេសអ៊ីស្រាអែល ជាការចាប់ផ្តើមដំណើរទស្សនកិច្ចដែលលោកនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងលោកប្រធានាធិបតី Isaac Herzog មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីតំបន់ផ្សេងទៀត ។
លោក Sunakបានចែករំលែកការចូលរួមរំលែកទុក្ខរបស់លោកសម្រាប់ការបាត់បង់អាយុជីវិតមនុស្សនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដោយសារតែការវាយប្រហារដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ លើពលរដ្ឋអ៊ីស្រាអែល ដោយក្រុមខ្មាន់កាំភ្លើងហាម៉ាស់របស់ប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ។
លោក Sunakនិយាយថា លោកពេញចិត្តនឹងធ្វើដំណើរមកទីនេះ នៅអ៊ីស្រាអែល ក្នុងពេលវេលាដ៏សំខាន់មួយនេះ ។ ជាងនេះទៅទៀត លោកសូមបង្ហាញសាមគ្គីភាពជាមួយប្រជាពលរដ្ឋអ៊ីស្រាអែល ។ អ្នកបានរងគ្រោះដោយសារទង្វើដ៏អាក្រក់បំផុតនៃអំពើភេរវកម្មដែលពុំអាចថ្លែងបាន ហើយលោកចង់ឲ្យអ្នកដឹងថា ចក្រភពអង់គ្លេស ហើយនិងរូបលោក ឈរខាងអ្នក ។
គួរឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មុនដំណើរទស្សនកិច្ចរបស់គាត់ លោក Sunak និយាយថា ការផ្ទុះគ្រាប់នៅមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារដែលបានសម្លាប់ជនប៉ាឡេស្ទីនរាប់រយនាក់ គួរតែជាពេលវេលាប្រវត្តិសាស្រ្តមួយសម្រាប់មេដឹកនាំនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក រួបរួមគ្នា ដើម្បីបញ្ចៀសផុតពីការកើនឡើងជម្លោះដ៏គ្រោះថ្នាក់បន្ថែមទៀត ហើយលោកសូមសន្យាថា អង់គ្លេសនឹងឈរនៅជួរមុខសម្រាប់កិច្ចខិតខំមួយនេះ ។
ការិយាល័យរបស់លោកនិយាយថា ទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់លោក Sunak រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក James Cleverly ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ទួរគី និងកាតា ក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ខាងមុខនេះ ដើម្បីពិភាក្សាលើបញ្ហាជម្លោះ ហើយនិងស្វែងរកដំណោះស្រាយសន្តិភាព ៕