
ក្រុមយុទ្ធជនហាម៉ាសទំនងជាបានបាញ់អាវុធរបស់កូរ៉េខាងជើងក្នុងអំឡុងពេលការវាយលុក កាលពីថ្ងៃទី ៧ខែតុលារបស់ពួកគេលើអ៊ីស្រាអែល ដែលជាវីដេអូសកម្មប្រយុទ្ធ និងអាវុធ ដែលរឹបអូសដោយអ៊ីស្រាអែលបង្ហាញ បើទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធទៅឲ្យក្រុមសកម្មប្រយុទ្ធនោះ ក៏ដោយ។
វីដេអូនេះ ត្រូវបានវិភាគដោយអ្នកជំនាញពីររូបលើអាវុធរបស់កូរ៉េខាងជើង។ ដោយរួមជាមួយនឹងការវិភាគរបស់សារព័ត៌មានAPទៅលើអាវុធ ដែលបានចាប់យកនៅសមរភូមិ និងចារកម្មយោធាកូរ៉េខាងត្បូង វីដេអូនេះបង្ហាញថា ក្រុមហាម៉ាស បានប្រើកាំភ្លើងដាក់គងលើស្មារបាញ់គ្រាប់រ៉ុក្កែតធុន F-7 ដែលក្រុមសកម្មប្រយុទ្ធជាធម្មតាប្រើប្រឆាំងនឹងរថពាសដែក។
ភ័ស្តុតាងនេះ បំភ្លឺពិភពលោកដ៏ខ្មៅងងឹតនៃការដឹកជញ្ជូនអាវុធខុសច្បាប់ ដែលកូរ៉េខាងជើងរងទណ្ឌកម្មប្រើជាមធ្យោបាយ ដើម្បីផ្តល់មូលនិធិផ្គត់ផ្គង់កម្មវិធីអាវុធរបស់ខ្លួន។