
ក្រសួងកាបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្ដីកាបរទេសរុស្ស៊ីលោកស៊ើហ្គេ ឡារ៉ូវ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ខណៈដែលប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងកាន់តែជិស្និទ្ធនៅក្នុងការប្រឈមនូវអ្វីដែលពួកគេមើលឃើញថាជាក្រុមសម្ព័ន្ធលោកខាងលិច
ដឹកនាំដោយសហរដ្ឋអាមេរិកដែលមានឥរិយាបថអរិភាពនិងរំលោភបំពាន។
ទីភ្នាក់ងាព័ត៌មានតាស(TASS)របស់រដ្ឋរុស្ស៊ីបានរាយការថា ជំនួបរបស់លោកឡារ៉ូវជាមួយលោកគីម មានរយៈពេលជាងមួយម៉ោងប៉ុន្ដែ ក្រសួងកាបរទេសមិនបានផ្ដល់សេចក្ដីលម្អិតនោះទេ។
ក្រសួងកាបរទេសរុស្ស៊ី បាននិយាយថា លោកឡារ៉ូវ ដែលបានទៅដល់ក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ បានអរគុណប្រទេសកូរ៉េខាងជើង ដែលបានគាំទ្រសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងបានសន្យាថា ក្រុងមូស្គូនៅតែគាំទ្រពេញទំហឹង និងសាមគ្គីភាពជាមួយលោក គីម ក្នុងគ្រប់កាលៈទេសៈ។
ដំណើរទស្សនកិច្ចរបស់លោកឡារ៉ូវនេះ ត្រូវបានគេមើលឃើញថា ជាការកំណត់ពេលកាលសម្រាប់ដំណើរទស្សនកិច្ចមួយរបស់ប្រធានាធិបតីវ៉្លាឌី មៀពូទីន ដែលបានបង្កើនកិច្ចសហប្រតិបត្ដការរួចជាស្រេចទៅហើយជាមួយប្រទេសកូរេខាងជើងដែលឯកាផ្នែកនយោបាយមួយនេះ។
ថ្លែងនៅឯពិធីទទួលដែលរៀបចំដោយប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ លោកឡារ៉ូវ បាននិយាយថា ក្រុងមូស្គូ បានផ្ដល់តម្លៃយ៉ាងខ្លាំងដល់ក្រុងព្យុងយ៉ាងចំពោះការគាំទ្រឥតងាករេ ហើយនិងការគាំទ្រឥតងាករេនិងតាមគោលការណ៍ចំពោះប្រទេសរុស្ស៊ីក្នុងសង្រ្គាមនៅប្រទេសអ៊ុយក្រែន ដែលខ្លួនហៅថា ជាប្រតិបត្ដការយោធាពិសេសនោះ៕