
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) នេះ បានទាមទារឲ្យមាន «ការដោះលែងដោយឥតលក្ខខណ្ឌ» នូវចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ខ្លួននាំយកទៅតំបន់ហ្គាហ្សា ពីសំណាក់ក្រុមហាម៉ាស ដោយនិយាយទៅកាន់រដ្ឋសភាថា លោកមានការ «រំជួលចិត្តជាពន់ពេក» ក្រោយបានជួបជាមួយក្រុមគ្រួសាររបស់ពួកគេ នៅទីក្រុង Tel Aviv កាលពី ២ថ្ងៃមុន។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាល ដែលដើមឡើយគ្រោងនឹងផ្តោតលើកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នាសប្តាហ៍ក្រោយនោះ លោក Scholz ក៏បាននិយាយផងដែរថា ពួកប្រឆាំងជនជាតិជ្វីហ្វ នៅប្រទេសអាល្លឺម៉ង់ នឹងមិនត្រូវអត់ឱនឲ្យជាដាច់ខាត បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនយប់ រវាងក្រុមគាំទ្រប៉ាឡេស្ទីន និងនគរបាល នៅក្នុងទីក្រុងនានារបស់អាល្លឺម៉ង់។
ជាមួយគ្នានេះ លោក Scholz បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ពាក់ព័ន្ធនឹងការព្រមានរបស់លោកអំពីជនរងគ្រោះ ដែលជាជនស៊ីវិល នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន។
លោក Scholz បានថ្លែងទៅកាន់សភាថា៖ «ខ្ញុំមានកំហឹងយ៉ាងខ្លាំង នៅពេលដែលឮថា ប្រធានាធិបតីរុស្ស៊ី កំពុងព្រមានគ្រប់គ្នាថា អាចមានជនរងគ្រោះយ៉ាងច្រើន ដែលជាជនរងគ្រោះជនស៊ីវិលនៃការប្រឈមមុខដាក់គ្នាខាងយោធា។ នេះពិតជាមិនមានអ្វី ដែលជាការមើលងាយជាងការនិយាយបែបនេះទៀតទេ»៕