បាវិត ៖ រសៀលថ្ងៃទី០៤ ខែមិថុនានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត បានប្រគល់សម្ភារៈបរិក្ខារពេទ្យចាំបាច់មួយចំនួនចូលរួមជួយដល់វិស័យសុខាភិបាលនៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ។
ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ក្រោមការសម្របសម្រួលរបស់លោក, លោក សាឡា អេអ៊ីសា បានកៀរគរនូវធនធានមួយចំនួនពីអ្នកវិនិយោគិន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមដល់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជា ការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលលើកនេះ គឺជាលើកទីបីមកហើយតាមរយៈ លោក សាឡា អ៊ីសា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តទៀតថា ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងបានបង្ហាញនូវកម្លាំងសាមគ្គីជាមួយប្រជាពលរដ្ឋកម្ពុជា និងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ បានប្រព្រឹត្តទៅដោយជោគជ័យ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសចំពោះអ្នកវិនិយោគិន និងសប្បុរសជននានា ដែលមិនត្រឹមតែបានមកបណ្តាក់ទុករកស៊ីជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសន្ដានចិត្តមេត្តាធម៌ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា នាសព្វថ្ងៃនេះ។
សម្ភារៈដែលត្រូវប្រគល់ជូននោះ រួមមាន ៖ សំលៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, ម៉ាស៊ីនបាញ់សម្លាប់មេរោគ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល ថ្នាំផ្តាសាយទីហ្វី និងអង្ករ ដែលមានវិស័យឯកជន និងសប្បុរសជនទាំង ០៩ បានចូលរួម រួមមាន ៖
១/. លោក Salah Essa
២/. តំបន់សេដ្ឋកិច្ចពិសេស Manhattan Special Economic Zone & Medtecs Group
៣/. កញ្ញា Narumon Rinruangsin (Modern IMP&EXP Co.,LTD)
៤/. ក្រុមហ៊ុន ACMCERT INDOCHINA (Cambodia) Co.,LTD,
៥/. លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាម៉េរិកកាំងប្រចាំនៅកម្ពុជា
៦/. លោក Khun Darith
៧/. លោកស្រី ប្រាក់ ច័ន្ទបុផា និងក្រុមគ្រួសារ
៨/. លោក ANDREW TAY
៩/. លោកស្រី អ៊ី សុដារីយ៍ និងក្រុមគ្រួសារ៕






