ភ្នំពេញ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញសម្ពោធ សៀវភៅស្ថាប័ននៃសេចក្ដីស្លាប់ ស-២១ ៖ កន្លែងចូលមិនដែលចេញ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នារសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងពិធីសម្ពោធសៀវភៅស្ថាប័ននៃសេចកី្តស្លាប់នេះ មានការចូលរួមពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង, ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលី, ឯកឧត្តម Sardar Umar Alam តំណាងអង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា, លោកជំទាវ Choi Moon Jung តំណាង KOICA ប្រចាំនៅកម្ពុជា។
លោកជំទាវ រដ្ឋមន្រី្ត បានថ្លែងថា សៀវភៅ ស្ដីពី “ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១ ៖ កន្លែងចូលមិនដែលចេញ” ដែលជាស្នាដៃ កើតចេញ ពីការខិតខំប្រឹងប្រែង របស់ មន្ត្រី បុគ្គលិក សារមន្ទីរ ទួលស្លែង ក្រោមការ ជួយស ម្រ ប សម្រួល ពី ទីប្រឹក្សារបស់ទួលស្លែងតាមរយៈ អង្គការ GIZ របស់ អាល្លឺម៉ង់ ព្រមទាំងការជួយផ្ដល់យោបល់ពី អ្នកប្រវត្តិសាស្ត្រជាតិ និងអន្តរជាតិផងដែរ។ ការសម្រេចបាននូវការបោះពុម្ពផ្សាយសៀវភៅ បែប ប្រវត្តិសាស្ត្រនេះ បង្ហាញពីការយកចិត្តទុកដាក់ ខ្ពស់ ចំពោះ ការស្រាវជ្រាវ និងចងក្រង ព្រមទាំងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីទុកជូនជនានុជនជំនាន់ក្រោយចងចាំ និងយល់ច្បាស់ពីប្រវត្តិសាស្ត្រកម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានរំលឹកឡើងវិញថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលប្រជាជនកម្ពុជា ខកចិត្តជាខ្លាំងដោយបាននឹកស្មានថា ប្រទេស ទាំងមូលទទួលបាន សុខសន្តិភាព រំដោះចេញផុតពីរបប លន់ នល់។ ប៉ុន្តែ ផ្ទុយទៅវិញ គឺជាថ្ងៃចាប់ផ្ដើម នៃរបប ខ្មៅងងឹត ប្រល័យពូជសាសន៍ និងជាថ្ងៃដែលប្រជាជនស្លូតត្រង់ត្រូវបានជម្លៀសចេញទាំងបង្ខំពីទីក្រុង ទៅកាន់ តំបន់ ដាច់ស្រយាល។ រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបប នេះ ប្រជាជនកម្ពុជា ត្រូវបាន សម្លាប់ រង្គាល សិទ្ធិ សេរីភាព ចំណងគ្រួសារ ប្រពៃណីទំនៀមទំលាប់ ជំនឿសាសនា ការសិក្សាអប់រំ ត្រូវបាន បំបិទចោលទាំងស្រុង។ ក្រោមមនោគមវិជ្ជាដឹកនាំ ដ៏អាក្រក់ របស់ ពួក ខ្មែរក្រហម ប្រជាជន កម្ពុជា ជាង ៧លាននាក់ រស់ នៅ ក្នុង ទុក្ខវេទនា ដែល ក្នុង នោះ ជិត ៣លាន នាក់ ត្រូវបាន សម្លាប់ យ៉ាង ឃោរឃៅ។ សារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (អតីតមន្ទីរ ស-២១) គឺជា ទីតាំង មួយ ក្នុង ចំណោម ទីតាំង ជាច្រើន ដែល មាន តឹកតាង បញ្ជាក់ ពី សោកនាដកម្ម បន្សល់ ទុក ពី របប ដ៏ឃោរឃៅនេះ។ ទីតាំង ដែល ធ្លាប់ តែ ជា ថ្នាល បណ្ដុះបណ្ដាល ប៉ុន្តែ ត្រូវបាន យក មក ប្រើប្រាស់ ជា កន្លែង ឃុំឃាំង ធ្វើទារុណកម្ម និង សម្លាប់ យ៉ាង ព្រៃផ្សៃ។ បច្ចុប្បន្ន ស្របតាម គោល នយោបាយ របស់ រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន បន្ត កិច្ចការ អភិរក្ស ទីតាំង នេះ ដើម្បី ជា ការ ចងចាំ របស់ ជន ជំនាន់ក្រោយ និង ជាទី កន្លែង សម្រាប់ ការ ប្រារព្ធ ពិធី កាន់ ទុក្ខ ដល់ ជនរងគ្រោះ ព្រមទាំង ជា ទីតាំង សម្រាប់ ការសិក្សា ស្វែងយល់ ពី ប្រវត្តិ ដ៏ជូរចត់ របស់ កម្ពុជា។ សារមន្ទីរ ទួលស្លែង ក៏បាន ក្លាយ ជា ផ្នែក មួយ នៃ ការ ចងចាំ ពិភពលោក និង ជាទីតាំង ដែល ភ្ញៀវ អន្តរជាតិ បាន យល់ កាន់ តែច្បាស់ ពី ទុក្ខ លំបាក របស់ ប្រជាជន កម្ពុជា ក្នុង ពេល អតីតកាល។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ជា ការ ពិត ទើប តែ នៅ ឆ្នាំ ១៩៩៨ តែ ប៉ុណ្ណោះ ដែល រចនា សម្ព័ន្ធ និង អង្គការ ចាត់ តាំង របស់ ខ្មែរក្រហម ត្រូវ បាន រំលាយ ទាំងស្រុង តាមរយៈ គោល នយោបាយ ឈ្នះឈ្នះ និង ការ លះបង់ ខ្ពស់ បំផុត របស់ សម្ដេច អគ្គមហា សេនា បតី តេជោ ហ៊ុន សែន។ ២៥ឆ្នាំ កន្លងមកនេះ ប្រជាជនកម្ពុជា ទទួលបាន នូវ ស្ថានភាព ពិតប្រាកដ នៃ ការ រស់នៅ ប្រកប ដោយ សន្តិសុខ គ្មាន សង្គ្រាម និងទទួលបានការរីកចម្រើនលើ គ្រប់ វិស័យ រីឯអង្គការសហប្រជាជាតិ បានទទួល ស្គាល់ ថា កម្ពុជា បាន ចេញ ផុត ពី ប្រភេទ ប្រទេស អភិវឌ្ឍ តិចតួច ហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល នៅតែ ចាត់ ទុក សន្តិភាព គឺជា សរសរ គ្រិះ នៃ ការ អភិវឌ្ឍដោយ បាន ដាក់ ចេញ នូវ ពាក្យ “អរគុណ សន្តិភាព” ដើម្បី រំលឹក ដល់ ប្រជាជន និង គ្រប់ មជ្ឈដ្ឋាន ទាំងអស់ ចូលរួម ថែរក្សា សន្តិភាព ឲ្យ បាន គង់វង្ស។ ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ សៀវភៅ ស្ដីពី “ ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១ ៖ កន្លែងចូលមិនដែលចេញ ” ត្រូវបានដាក់សម្ពោធជាផ្លូវការ ដែលសៀវភៅនេះបាន រំលឹកពីការរងទុក្ខវេទនា និងការទទួលរងទារុណកម្មរបស់ជនរងគ្រោះ ព្រមទាំង ការកាប់ សម្លាប់ របស់ ខ្មែរក្រហម មក លើ ប្រជាជន ស្លូត ត្រង់។ សៀវភៅ នេះ ជាស្នាដៃទីមួយរបស់កូនខ្មែរជំនាន់ក្រោយ ដែលជាអតីតនិស្សិត ប្រវត្តិវិទ្យា ហើយក៏កំពុងបម្រើការងារក្នុងសារមន្ទីរទួលស្លែង ដែលបានចងក្រងសរសេររឿងរ៉ាវប្រវត្តិសាស្ត្រដែលកើតមាននៅក្នុងអតីតមន្ទីរឃុំឃាំង ខ្មែរក្រហម ស-២១ យ៉ាងលម្អិត។ កន្លងមក ក៏មានអ្នកស្រាវជ្រាវជនជាតិអាមេរិក លោក David Chandler សរសេរអំពីមន្ទីរ ស-២១ ប៉ុន្តែក៏នៅមានចំណុចខ្វះចន្លោះដែលទាមទារឲ្យមានការសរសេរឲ្យបានច្បាស់លាស់ អំពីព្រឹត្តិការណ៍កើតមាននៅទីនេះ។ ស្នាដៃនេះ ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពី ព្រឹត្តិការណ៍សោកនាដកម្ម ព្រមទាំងជាឯកសារសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ជាពិសេស ស្វែងយល់ពីតម្លៃនៃសន្តិភាព តម្លៃនៃការយោគយល់ ពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ និងចៀសវាងកុំឲ្យប្រវត្តិរបៀបនេះកើតមានម្តងទៀតនៅលើទឹកដីកម្ពុជា៕
អត្ថបទ÷ រដ្ឋា


















