
សភាសហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួនបានប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ឈ្មោះ Sakharov Prize for Freedom of Thought (Sakharov Prize) ដល់ស្ត្រីជនជាតិអ៊ីរ៉ង់ Mahsa Amini ដែលបានស្លាប់អំឡុងពេលឃុំឃាំងដោយនគរបាល កាលពីឆ្នាំមុន និងចលនា «ស្ត្រី ជីវិត សេរីភាព» នៅក្នុងប្រទេសអ៊ីរ៉ង់។
ប្រធានសភាសហភាពអឺរ៉ុប លោកស្រី Roberta Metsola បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅថ្ងៃទី១៦ ខែកញ្ញា យើងបានប្រារព្ធខួបមួយឆ្នាំ គិតចាប់តាំងពីពេលធ្វើឃាតលើនាង Jina Mahsa Amini នៅប្រទេសអ៊ីរ៉ង់។ សភាអ៊ឺរ៉ុបឈរដោយមោទនភាពជាមួយនឹងអ្នកមិនការភ័យខ្លាច និងមោះមុត ដែលបន្តតស៊ូ ដើម្បីទទួលបានសមភាព សេចក្តីថ្លៃថ្នូរ និងសេរីភាព ក្នុងប្រទេសអ៊ីរ៉ង់»។
លោកស្រីបានបន្ថែមថា៖ «ដោយជ្រើសរើសពួកគេជាអ្នកទទួលជយលាភី សហគមន៍នេះចងចាំការតស៊ូរបស់ពួកគេ ហើយបន្តផ្តល់កិត្តិយសដល់អ្នកទាំងអស់ ដែលបានបាត់បង់ជីវិត ដើម្បីសេរីភាព»។
សូមរំលឹកថា នាង Amini វ័យ ២២ឆ្នាំ ដែលមានកំណើតនៅខេត្ត Kurdistan ភាគខាងលិចអ៊ីរ៉ង់ បានបាត់បង់ជីវិតនៅក្នុងការឃុំឃាំងរបស់នគរបាលសីលធម៌ កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បានរំលោភលើច្បាប់សម្លៀកបំពាក់ជាកាតព្វកិច្ចរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ការស្លាប់របស់នាង បានបង្កឲ្យមានការតវ៉ាជាច្រើនខែ ដែលឈានដល់ភាពចលាចលនយោបាយដ៏អាក្រក់បំផុត គិតចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩។ នៅក្រោមបដា ដែលសរសេរថា «ស្ត្រី ជីវិត សេរីភាព» ពលរដ្ឋអ៊ីរ៉ង់បានតវ៉ាប្រឆាំងនឹងច្បាប់ ដែលតម្រូវឲ្យស្ត្រីគ្របក្បាលរបស់ខ្លួនយ៉ាងជិត និងស្លៀកសម្លៀកបំពាក់រលុងៗ៕