របបយោធានីហ្សេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ខ្លួនបានរារាំងការប៉ុនប៉ងរត់គេចរបស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែង លោក Mohamed Bazoum ដែលត្រូវបានចាប់ខ្លួនដោយយោធា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា មក បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យដោះលែងលោកក៏ដោយ។

ក្រុមអាជ្ញាធរបណ្តោះអាសន្នរបស់នីហ្សេ បាននិយាយថា លោក Bazoum និងក្រុមគ្រួសាររបស់លោក ដោយមានជំនួយពីអ្នកសមគំនិតក្នុងកងកម្លាំងសន្តិសុខ បានគ្រោងនឹងបើករថយន្តទៅកាន់ជាយក្រុងនៃរដ្ឋធានី នីញ៉ាមេ (Niamey) ហើយនឹងជិះឧទ្ធម្ភាគចក្រទៅកាន់ប្រទេសជិតខាងនីហ្សេរីយ៉ា ដើម្បីគេចខ្លួន។
រដ្ឋប្រហាររបស់នីហ្សេ គឺជារដ្ឋប្រហារមួយក្នុងចំណោមរដ្ឋប្រហារចំនួន៥ ដែលបានវាយលុកតំបន់កណ្តាល Sahel របស់អាហ្រ្វិកខាងលិច ក្នុងរយៈពេល ៣ឆ្នាំមកនេះ ដោយធ្វើឲ្យតំបន់ដីស្ងួតដ៏ធំសម្បើមនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំយោធា។
គណបក្ស និងសមាជិកគ្រួសាររបស់លោក Bazoum និយាយថា លោកមិនមានលទ្ធភាពប្រើប្រាស់ទឹក អគ្គិសនី ឬទំនិញស្រស់ ដែលជំរុញឱ្យមានការថ្កោលទោសពីអតីតសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនផងដែរ៕
