ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន អំពាវនាវឲ្យជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ដើម្បីលើកកម្ពស់សិទ្ធិជនពិការ។
ថ្លែងក្នុងពិធីបិទសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលរៀបចំដោយអាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន កោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរមីន អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និសីទនេះឡើង ដោយទទួលបាននូវលទ្ធផលគួរជាទីកត់សម្គាល់ ហើយកម្ពុជាពិតជាមានមោទនភាព ដែលបានរៀបចំសន្និសីទនេះឡើងដោយឈរលើស្មារតីទទួលខុសត្រូវ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សន្និសីទសកលនេះ បានក្លាយជាវេទិកាសម្រាប់រដ្ឋភាគី នៃអនុសញ្ញា រួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុង ការអនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ ពាក់ព័ន្ធនឹងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ ក្នុងរយៈពេលបីថ្ងៃនេះ ជនរងគ្រោះ និងអ្នកជំនាញផ្នែកពិការភាព មកពីប្រទេស និងស្ថាប័ននានា បានបង្ហាញពីបទពិសោធន៍ និងទស្សនៈល្អៗ ដែលបានក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមាននូវផែនការ សកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្គេតការណ៍ជិត២០០ប្រទេសចូលរួម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា ទោះជាយ៉ាងណាក្តីស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន ដែលបង្កឡើងដោយជម្លោះក្នុងតំបន់ និងផ្ទៃក្នុងរយៈពេលជាង៣ទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង ដែលក្នុងនោះ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជាមានជនរងគ្រោះម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ជាង៦ម៉ឺននាក់ ក្នុងចំណោមជនរងគ្រោះ ទាំងនោះមានស្លាប់ចំនួនជិត២ម៉ឺននាក់ របួសចំនួនជាង៣ម៉ឺននាក់ និងពីការអវយវៈចំនួន៩ពាន់នាក់។

ជាមួយនឹងបទពិសោធននេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងថា កម្ពុជាត្រូវបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបន្តដំណើរវែងឆ្ងាយ ដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ គឺ "កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព ដែលផែនការយុទ្ធសាស្ត្រនោះជាផែនទីតម្រង់ទិសដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងឆ្លើយតបទៅនឹងការគំរាមគំរោងដែលនៅសេសសល់ ក្រោយឆ្នាំ២០២៥។

ជាងនោះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា កម្ពុជាបានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងពង្រីកកម្មវិធីសង្រ្គោះជនរងគ្រោះឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការបញ្ចូលសិទ្ធិជនពិការទៅក្នុងគោលនយោបាយផែនការនានារបស់ជាតិជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងធានាថា មិនមានជនរងគ្រោះណាមួយនឹងត្រូវបានទុកចោលឡើយ និងត្រូវរួមគ្នាលើកស្ទួយជនរងគ្រោះ ផ្តល់ការគាំទ្រ និងជួយពួកគាត់ឱ្យបន្តរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគោលដៅជីវិតច្បាស់លាស់។

ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនមានពិការភាពទូទៅឱ្យទទួលបាននូវការលើកកម្ពស់សិទ្ធិ ការបង្កើនជីវភាព សេវាកម្មនានា និងចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយកលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិ ផ្ទុះពីសង្គ្រាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព, បន្តចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព, ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្ដីពីជនពិការ ស្តង់ដារជាតិសកម្មភាពអ៊ីន ស្គីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន - គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត៕



