អ្នកចរចាជាន់ខ្ពស់បក្សប្រឆាំង លោក Gerardo Blyde បាននិយាយថា បុរសខ្លាំងរបស់វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានដោះលែងអ្នកទោសនយោបាយ៥នាក់ កាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដកទណ្ឌកម្មមួយផ្នែកលើរបបសង្គមនិយមរបស់ប្រទេសនេះ។

សំណើដែលមិនបានបញ្ជាក់ បានបង្ហាញថា គូប្រជែងទី៦ម្នាក់ទៀត ក៏ត្រូវបានដោះលែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយការដោះលែងថ្មី អាចកើតឡើង ក្នុងអំឡុងពេលថ្ងៃនោះដែរ។

ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងពីពន្ធនាគារវ៉េណេហ្ស៊ុយអេឡា កាលពីយប់ថ្ងៃពុធ មានសមាជិកសភាប្រឆាំងលោក Juan Requesens ( វ៉ាន់ រេក្វេសិន) ដែលឥឡូវនេះ នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងអ្នកសារព័ត៌មាន លោក Roland Carreño ( រ៉ូណាល់ ការេញ៉ូ) ដែលជាអ្នកសហការជិតស្និទ្ធរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក Juan Guaido( វ៉ាន ក្វាយដូ) ។
លោក Marco Garcés ដែលត្រូវបានឃុំខ្លួនរួមជាមួយអតីតទាហានម៉ារីនអាមេរិក លោក Matthew Heath លោក Eurinel Rincón អតីតលេខាក្រសួងការពារជាតិ ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និង លោក Mariana Barreto ជាប់ពន្ធនាគារពីបទតវ៉ាភាពមិនប្រក្រតីក្នុងការផ្គត់ផ្គង់ប្រេងសាំងនៅរដ្ឋTrujillo ក៏ត្រូវបានដោះលែងដែរ។