ជនភៀសខ្លួនប៉ាឡេស្ទីនម្នាក់ឈ្មោះអាស្មាសាបា (Asmaa Sabah) ដែលកំពុងរស់នៅក្នុងជំរំតង់មួយនៅទីក្រុយខាន់យូនីស(Khan Younis) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៩ តុលា ថាស្ថានភាពបច្ចុប្បន្នរបស់អ្នកស្រី ធ្វើឲ្យនឹកឃើញដល់ការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនកាលពីឆ្នាំ១៩៤៨។

ខណៈកំពុងអង្គុយជុំកូនៗក្នុងជំរំតង់ អ្នកស្រី Sabah និយាយថា យើងបានចាកចេញពីផ្ទះទៅស្នាក់នៅក្នុងជម្រកតង់ ដូចដូនតារបស់យើងដែរ។ យើងទាំងអស់គ្នា មិនស្មានទេ ថាអាចមកស្នាក់នៅក្នុងជំរំតង់នៅទីនេះ។
ជំរំតង់ចំនួន១២០កន្លែង ត្រូវបានដំឡើងនៅក្នុងជំរំមួយដែលបានបង្កើតឡើងនៅបរិវេណទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារការងារនិងជំនួយរបស់អង្គការសហប្រជាជាតិ UNRWA ក្នុងទីក្រុងខាន់ យូនីស (Khan Younis) ដើម្បីធ្វើជាផ្ទះសម្រាប់អ្នកមកដល់ពីភាគខាងជើងតំបន់ហ្កាហ្សា។

ប្រជាពលរដ្ឋក្នុងតំបន់ហ្កាហ្សា ធន់នឹងជំងឺជាច្រើនឆ្នាំមកហើយ ដោយបានរួចជីវិតពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ការបិទផ្លូវ និងការអត់ការងារធ្វើនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។
ប៉ុន្តែការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលជាការប្រឆាំងដ៏ធំបំផុតប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីសង្រ្គាម យ៉ុម គីបពួ (Yom Kippur) ពីថ្ងៃទី៦ខែតុលា ១៩៧៣ ដល់ថ្ងៃទី២៥ តុលា ១៩៧៣ បន្ទាប់មកការវាយប្រហារដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្កើតឲ្យមានជាវិបត្តិដ៏ធ្ងន់ធ្ងរ ស្របពេលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅភាគខាងជើងត្រូវបានគេបញ្ជាឱ្យភៀសខ្លួនទៅកាន់តំបន់រងការឡោមព័ទ្ធភាគខាងត្បូង៕