ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើពិធីប្រគល់-ទទួល រថយន្តគិលានសង្រ្គោះចំនួន៣០គ្រឿង បន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជប៉ុន គឺជាប្រទេសមួយដែលបានផ្តល់ជំនួយច្រើនជាងគេក្នុងចំណោមដៃគូទាំងអស់ ទាំងជំនួយបច្ចេកទេស ទាំងថវិកា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងធនធានមនុស្ស។ ជាពិសេសចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសជប៉ុន បាននិងកំពុងផ្តល់ជំនួយជាច្រើនរួមមាន៖ ជំនួយបឋមនាខែកុម្ភះ ឆ្នាំ២០២០ រួមមាន៖ កញ្ចប់តេស្តរហ័សចំនួន១០០០, សម្លៀកបំពាក់សុវតិ្ថភាពសម្រាប់មន្រី្តសុខាភិបាល ចំនួន១០០០០កំផ្លេ និងកញ្ចប់ឧបករណ៍ពិសោធន៍ចំនួន១០០០កញ្ចប់ និងម៉ាស់។ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា សរុបជាថវិកាចំនួន២០០០លានយេន (ប្រមាណជា១៨.៥លានដុល្លារអាមេរិក) ដែលអនុវត្តដោយ Japan International Cooperation System រួមមាន៖ រថយន្តគិលានសង្រ្គោះចំនួន១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, Thermographic Camera ចំនួន១០គ្រឿង, Portable X-Ray ចំនួន១០គ្រឿង, Mobile Ultrasound Scanner ចំនួន២៥គ្រឿង, Oxygen Concentrator ចំនួន១០០គ្រឿង, ឧបករណ៍វាស់សម្ពាធឈាម ចំនួន១០០គ្រឿង, ម៉ាស៊ីនភ្លើងចំនួន១០០គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន១០០គ្រែ និងការពង្រីកផ្នែកសង្រ្គោះបន្ទាន់សម្រាប់ជំងឺកូវីដ-១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទៅក្នុងគម្រោងធ្វើឲ្យប្រសើរឡើងមនី្ទរពេទ្យបង្អែកខេត្តសៀមរាប។ ទន្ទឹមនឹងនោះរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវីធីជំនួយបន្ទាន់នូវថវិកាចំនួន៦.៣លានដុល្លារអាមេរិក ដែលនឹងអនុវត្តដោយ UNOPS ដែលបាននឹងកំពុងរៀបចំគម្រោងអនុវត្ត។
ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ថ្ងៃនេះក្រសួងសុខាភិបាល បានទទួលរថយន្តគិលានសង្រ្គោះចំនួន៣០គ្រឿង (សរុប៧០គ្រឿង) នៃរថយន្តគិលានសង្រ្គោះទាំងអស់ចំនួន១០០គ្រឿង ដែលភាគីជប៉ុនគ្រោងនឹងផ្តល់ឲ្យ ហើយរថយន្តគិលានសង្រ្គោះទាំង៣០គ្រឿង បានបែងចែកទៅឲ្យអង្គភាពប្រតិបតិ្តនៅ
ថ្នាក់កណ្តាល និងមនី្ទរសុខាភិបាលដែលមានហានិភ័យខ្ពស់នៃការរាតត្បាតជំងឺកូវីដ-១៩។ ចំណែករថយន្តគិលានសង្រ្គោះ ដែលនៅសល់៣០គ្រឿងទៀត នឹងមកដល់នៅពេលឆាប់ៗខាងមុខ ហើយក្រសួងនឹងបែងចែកទៅឲ្យអង្គភាពប្រតិបតិ្ត និងមនី្ទរសុខាភិបាលជាបន្តទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល ហើយសង្ឃឹមថា នឹងមានគម្រោងថ្មីៗបន្តទៀត៕អត្ថបទ ៖ រដ្ឋា









