ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា(Cambodian Premier League) ឆ្នាំ២០២៣/២៤ នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ នៃជុំទី១ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាក ២សប្ដាហ៍ អំឡុងពេល FIFA Day ប្រចាំខែតុលា ។
សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី២១ ខែតុលាស្អែកនេះ គឺមាន ១គូប៉ុណ្ណោះ ដែលជាការជួបគ្នារបស់ក្រុមភ្នំពេញក្រោន និងក្រុមព្រៃវែងអេហ្វស៊ី ។

ចំណែកនៅថ្ងៃទី២២ ខែតុលា គឺមាន ៤គូ ក្នុងនោះក្រុមវិសាខា ជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ, ក្រុម ISI ដង្កោសែនជ័យ ជួបក្រុមនាគខៀវបឹងកេត និងក្រុមណាហ្គាវើលដ៏ ជួបក្រុមកងយោធពលខេមរភូមិន្ទ ។ អ្វីដែលពិសេស គឺជំនួបរវាងក្រុមមិនទាន់ស្គាល់ចាញ់ ឬស្មើ ព្រះខ័នរាជស្វាយរៀង ជាមួយក្រុមមិនទាន់ស្គាល់ឈ្នះ គិរីវង់សុខសែនជ័យ ដែលនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង។

គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៧ មុនលីគសម្រាកការប្រកួត ២សប្ដាហ៍កន្លងទៅ ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមតែមួយគត់ ដែលឈ្នះ ៧ប្រកួតជាប់គ្នា និងកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ២១ពិន្ទុពេញ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន រកបាន ១៨ពិន្ទុ ខណៈក្រុមបឹងកេត ឈរលេខ៣ មាន ១៣ពិន្ទុ និងក្រុមវិសាខា ឈរលេខ៤ មាន ១២ពិន្ទុ នាំមុខក្រុមកងយោធពលខេមរភូមិន្ទ និងព្រៃវែង ដែលមាន ១០ពិន្ទុស្មើគ្នា៕ អត្ថបទ៖ លី ឈុនឡា
