ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកមន្ត្រីការទូតចំនួន ៤១នាក់ ចេញពីប្រទេសឥណ្ឌា ជាលទ្ធផលបណ្តាលមកពីជម្លោះដ៏ជូរចត់ជុំវិញការសម្លាប់អ្នកផ្តាច់ខ្លួនសាសនាស៊ីក(Sikh) នៅលើទឹកដីប្រទេសកាណាដា។

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថា ទីក្រុងញូវដេលី មានផែនការដកអភ័យឯកសិទ្ធិការទូតសម្រាប់អ្នកការទូតទាំងអស់ លើកលែងតែអ្នកការទូតចំនួន ២១ នាក់ និងគ្រួសាររបស់ពួកគេនៅថ្ងៃសុក្រនេះ ដោយបង្ខំឱ្យទីក្រុង Ottawa ដកមន្ត្រីការទូតផ្សេងទៀតចេញ។

លោកស្រី Joly បាននិយាយបន្ថែមថា យើងបានសម្របសម្រួលការចាកចេញដោយសុវត្ថិភាពរបស់ពួកគេពីប្រទេសឥណ្ឌា។ នេះមានន័យថា មន្ត្រីការទូតរបស់យើង និងក្រុមគ្រួសាររបស់ពួកគេបានចាកចេញនៅពេលនេះ។ ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកាណាដា បានធ្លាក់ចុះ ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau កាលពីខែមុនបានដាក់ការជាប់ទាក់ទងជាសាធារណៈនូវចារកម្មរបស់ឥណ្ឌាចំពោះការសម្លាប់ពលរដ្ឋកាណាដា លោក Hardeep Singh Nijjar ដែលទីក្រុងញូវឌេលី បានបដិសេធ។
លោក Nijjar ជាអ្នកតស៊ូមតិសម្រាប់រដ្ឋកាន់សាសនាស៊ីក(Sikh) ដែលផ្តាច់ខ្លួន ចេញពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទភេរវកម្ម និងការសមគំនិតក្នុងអំពើឃាតកម្ម។
លោកស្រី Joly បាននិយាយថា ការដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតចំនួន៤១ នាក់ មិនត្រឹមតែពុំធ្លាប់មានពីមុនមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយទៅនឹងច្បាប់អន្តរជាតិផងដែរ ហើយប្រទេសកាណាដា ពុំមានផែនការសងសឹកក្នុងករណីបែបនេះទេ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។
លោកស្រី បាននិយាយថា ប្រទេសកាណាដា នឹងបន្តការពារច្បាប់អន្តរជាតិ ដែលអនុវត្តចំពោះប្រទេសទាំងអស់ នឹងបន្តមានទំនាក់ទំនងជាមួយប្រទេសឥណ្ឌា។