ភ្នំពេញ ៖ កម្ពុជា ចិន និង UN ប្រចាំកម្ពុជា បានប្រកាសរួមគ្នា ដាក់ឲ្យអនុវត្តគម្រោងដកស្រង់បទពិសោធន៍ពីប្រទេសចិន ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត និងទទួលឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត។
ព្រឹតិ្តការណ៍ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងដកស្រង់បទពិសោធន៍ពីប្រទេសចិន ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត និងប្រគល់-ទទួល ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត តាមរយៈប្រព័ន្ធវីដេអូសន្និសទី ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជណាចក្រកម្ពុជា។
ឯកឧត្តម សាស្រ្តចារ្យ រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ទាំងជំនួយបច្ចេកទេស ទាំងឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ជូនរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យសុខាភិបាល និងសូមសម្តែងនូវការកោតសរសើរចំពោះ លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ដែលខិតខំជំរុញឲ្យកម្មវិធីនេះចេញជារូបរាងឡើង និងមានគម្រោងថ្មីៗជាបន្តទៀត៕អត្ថបទ ៖ រដ្ឋា







