នគរបាលជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសហៃទី បានចាប់ខ្លួនអតីតមន្ត្រីយុត្តិធម៌លោក Joseph Felix Badio ក្នុងករណីឃាតកម្មលើប្រធានាធិបតីលោក ហ្សូវ៉ិនណែល ម៉យអ៊ីស (Jovenel Moise) ។
លោក Badio ត្រូវបានចោទប្រកាន់ដោយការស៊ើបអង្កេតពីការចេញបញ្ជាឲ្យអ្នកវាយប្រហារ ដែលបានធ្វើសកម្មភាពវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២១។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នគរបាលប្រដាប់អាវុធ បានស្ទាក់ចាប់លោក Badio ខណៈលោកកំពុងបើកបររថយន្តចេញពីចំណតរថយន្តនៅផ្សារទំនើបមួយកន្លែង ក្នុងតំបន់ Petion-Ville ជាយក្រុងព័រអូប្រាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍។

លោក Badio ត្រូវបានក្រុមមន្ត្រី និងក្រុមសិទ្ធមនុស្សប្រទេសហៃទី គិតថាជាជនសង្ស័យសំខាន់ម្នាក់ ក្នុងផែនការឃាតកម្ម ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ឃាតកម្មដែលបានប៉ុនប៉ង និងចោរកម្មប្រដាប់អាវុធ។
លោក Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងបន្ទប់ដេករបស់លោក បន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមសម្រុកចូលទៅក្នុងលំនៅឋានរបស់លោក នៅតំបន់ភ្នំ ខាងលើទីក្រុងព័រអូប្រាំង។
ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ លោក Badio ពីការចេញបញ្ជាឲ្យអ្នកវាយប្រហារជនជាតិកូឡំប៊ី អនុវត្តការវាយប្រហារដ៏ឃោឃៅនេះ។