កងទ័ពសហរដ្ឋអាមេរិក បានចោទប្រកាន់ពលបាលឯក ត្រាវីស ឃីង (Travis King) ពីបទរត់ចោលជួរទ័ព កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) បន្ទាប់ពីបុរសរូបនេះបានរត់គេចខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើង ហើយត្រូវបានឃុំខ្លួននៅទីនោះអស់រយៈពេលពីរខែ នេះបើយោងតាមឯកសារចោទប្រកាន់ ដែលសារព័ត៌មាន រ៉យទ័រ ទទួលបាន។

សំណុំរឿងរបស់កងទ័ពអាមេរិក ប្រឆាំងនឹងលោក ឃីង ដែលមិនត្រូវបានគេរាយការណ៍ពីមុននោះ រួមមានការចោទប្រកាន់ចំនួន ៨ករណីផ្សេងគ្នា ក្រោមក្រមយុត្តិធម៌យោធា ដោយបង្កើតឲ្យមានការតស៊ូផ្លូវច្បាប់យ៉ាងសំខាន់សម្រាប់ទាហានវ័យ ២៣ឆ្នាំរូបនេះ បន្ទាប់ពីការដោះលែងពីមន្ទីរឃុំឃាំងកូរ៉េខាងជើង កាលពីកញ្ញា មក។

លោកឃីង បានលួចរត់ចូលទៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈកំពុងធ្វើដំណើរល្បាតស៊ីវិលនៃតំបន់សន្តិសុខរួម (JSA) នៅតាមព្រំដែនដែលមានកម្លាំងខ្លាំងរវាងប្រទេសកូរ៉េទាំងពីរ។
ការដោះលែងរបស់ទាហានអាមេរិករូបនេះដោយកូរ៉េខាងជើង កាលពីខែកញ្ញា បានធ្វើឡើងស្របតាមការចរចារនៅពីក្រោយឆាកជាច្រើនសប្តាហ៍ ដែលនាំឱ្យរដ្ឋាភិបាលស៊ុយអែត នាំយកលោកឃីង ពីកូរ៉េខាងជើង ហើយឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន ដើម្បីប្រគល់ឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៕