ភ្នំពេញ : រដ្ឋធានីប៉េកាំង នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ហៅកាត់ថា សមាគម អ.ម.ត) និងនិស្សិតខ្មែរកំពុងសិក្សាក្នុងរដ្ឋធានីប៉េកាំង ចំនួន៩០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម អ.ម.ត ជូនដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។ ឯកឧត្តម ឡាវ វ៉ាន់ តែងចាត់ទុកស្ថានភាពជាក់ស្តែងរបស់និស្សិតកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន គឺជាគោលដៅអាទិភាពនៅក្នុងផែនការសកម្មភាពរបស់ក្រុមការងារ។
ឆ្លៀតក្នុងពេលទទួលទានអាហារល្ងាចរួមគ្នាជាមួយនិស្សិតកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ បានគាំទ្រឆន្ទៈនិស្សិតកម្ពុជាទាំងអស់ ដែលបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងន័យថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ ជាមួយគ្នានេះផងដែរ និស្សិតក៏បានប្រើប្រាស់ឱកាសនេះជាវេទិកាពិភាក្សាយ៉ាងស្និទ្ធស្នាលនិងកក់ក្តៅដោយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជុំវិញបរិយាកាសសិក្សា និងការរស់នៅ ព្រមទាំងចូលរួមចែករំលែកដំណោះស្រាយទុកជាបទពិសោធន៍សម្រាប់មិត្តនិស្សិតដទៃទៀតផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រពីអាណាព្យាបាលលើការសិក្សារបស់និស្សិតទាំងអស់គ្នា ហើយឯកឧត្តមបានបន្តការលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព និងបំណិន ព្រមទាំងរួមសាមគ្គីគ្នា ចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ÷រដ្ឋា












