ក្រុមអ្នកវិភាគផ្នែកសន្តិសុខ បាននិយាយថា ការបង្កើនភាពតានតឹងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា អាចកាត់ផ្តាច់ទំនាក់ទំនងយោធាជិតស្និទ្ធរវាងពួកគេជាច្រើនទសវត្សរ៍ និងរារាំងសមត្ថភាពរបស់ប្រទេសកូឡុំប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម។

អ៊ីស្រាអែល គឺជាអ្នកផ្គត់ផ្គង់យន្តហោះចម្បាំង ឧបករណ៍ឃ្លាំមើល និងកាំភ្លើងធំមួយរបស់កូឡុំប៊ី តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសរបស់ខ្លួន បានប្រកាសផ្អាកការនាំចេញផ្នែកការពារជាតិទៅកាន់ប្រទេសកូឡុំប៊ី បន្ទាប់ពីប្រធានាធិបតី Gustavo Petro បានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងបានប្រៀបធៀបសកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាទៅនឹងណាស៊ីអាល្លឺម៉ង់។

ក្រុមអ្នកវិភាគនៅទីក្រុងបូហ្គោតា (Bogota) និយាយថា ការផ្អាកនេះ អាចប៉ះពាល់ដល់កិច្ចសន្យាជាច្រើន រួមទាំងកិច្ចព្រមព្រៀងចំនួន ៥លានដុល្លាររវាងក្រសួងការពារជាតិរបស់ប្រទេសកូឡុំប៊ី និងក្រុមហ៊ុនអ៊ីស្រាអែល IAI ដើម្បីថែទាំកងយន្តហោះចម្បាំង Kfir ដ៏ចាស់របស់ប្រទេសកូឡុំប៊ី។
