ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជានៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ មានចំនួនសរុបជិត ១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានទំនិញសំខាន់ៗចំនួន ១០ ប្រភេទបានបន្តរក្សាកំណើនល្អប្រសើរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជាមានចំនួន ១៦,៩ ពាន់លានដុល្លារថយចុះបន្តិចបន្តួច បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ ២០២២។ ប៉ុន្ដែការនាំចេញប្រភេទទំនិញសំខាន់ៗចំនួន ១០ ប្រភេទ បានបន្តរក្សាកំណើនបានល្អប្រសើរបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
បើតាមរបាយការណ៍រយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ ប្រភេទទំនិញចំនួន ១០ បានបន្តកើនឡើងរួមមាន៖ ការនាំចេញម៉ាស៊ីន ឧបករណ៍ អេឡិចត្រូនិច បំណែក និងគ្រឿងបង្គុំផ្សេងៗ មានទំហំទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ៩៣ ភាគរយ, ធញ្ញជាតិ ជាង ១,១ ពាន់លានដុល្លារ កើនជិត ៤៩ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៥៧៤ លានដុល្លារ កើន ៦៥ ភាគរយ, បន្លែ មើម និងឬស ៤៥៦ លានដុល្លារ កើន ២៨ ភាគរយ, ស្បែក និងស្បែកសប្បនិម្មិត ២៥៨ លានដុល្លារ កើនជាង ២០០ ភាគរយ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ៥៧០ លានដុល្លារ កើន ១៦ ភាគរយ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈកីឡាជិត ១៣០ លានដុល្លារ កើន ៤០ ភាគរយ, អំបិល ថ្មសំណង់ និងម្នាងសីលា ៦៤ លានដុល្លារ កើនជាង ១០០ ភាគរយ, គុជខ្យងធម្មជាតិ និងត្បូងមានតម្លៃជាង ៤០ លានដុល្លារ កើនជិត ១៣០ ភាគរយ, និងវត្ថុធ្វើពីស្ពាន់ មានចំនួនជាង ៦២ លានដុល្លារ កើនឡើងជិត ៤៦ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
ក្នុងនោះប្រទេសសំខាន់ៗដែលកម្ពុជាបាននាំចេញទំនិញមានកំណើនរួមមាន៖ ការនាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ កើនឡើង ៣០ ភាគរយ, ចិនជាង ១ ពាន់លានដុល្លារ កើនជាង ១៨ ភាគរយ, អេស្បាញ ៥៥៥ លានដុល្លារ កើន ៥១ ភាគរយ, ឥណ្ឌាជិត ១៩១ លានដុល្លារ កើន ៤២ ភាគរយ, និងប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ ២០៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី


