ភ្នំពេញ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញ ផលិតផលក្នុងស្រុក នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ផលិតផល សេវាកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនៅតាមសហគមន៍ឲ្យកាន់តែប្រសើរ។
លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង លើកឡើងនៅក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ធ្វើឡើងក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ) នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ នេះ។
លោក សេង សីលា បន្តថា វេទិកានេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់កាត់បន្ថយភាពក្រីក្រ និងជាការគៀងគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក នៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានជាក់ស្តែងស្តែង។ ខណៈវេទិកានេះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានធ្វើការជាមួយអ្នកផលិតក្នុងស្រុក ធុនមីក្រូ តូច និងមធ្យម និងសមាគមធុរកិច្ចប្រមាណ ២០០ នាក់មកចូលរួម ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញ ក្តីរំភើបរីករាយ ចំពោះការដឹកនាំគំនិតផ្ដួចផ្ដើមឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញដ៏មានសារៈសំខាន់នេះ ដែលមានគោលបំណង កាត់បន្ថយ គម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។
សូមបញ្ជាក់ថា នៅក្នុងការតាំងផលិតផលភូមិ១ ផលិតផល១ មានម្ចាស់អាជីវកម្មចូលរួមប្រមាណ ៣០ សហគ្រាសដោយបានដាក់ តាំងពិព័រណ៍រួមមាន ផលិតផលកសិកម្ម បន្លែ ត្រីសាច់ សំលៀក បំពាក់ ក្រម៉ា សូត្រកាបូបខ្មែរ កាបូបស្លឹកត្នោត ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ ចម្លាក់ សិល្បៈ តែធម្មជាតិ ប្រេងធម្មជាតិ កាហ្វេ ម្រេច និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត៕
អត្ថបទ៖ សុន រ៉ាឌី







