ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ខិតខំរួមគ្នាបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបផលិតផលក្លែងក្លាយ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំស្តីពី «យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តបន្ត» នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម មៀច សុផាន់ណា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងអស់បានពិភាក្សាគ្នា ដើម្បីរិះរកមធ្យោបាយបន្ថែមក្នុងការទប់ស្កាត់ និងបង្ក្រាបផលិតផលក្លែងក្លាយទាំងនោះ ដើម្បីធ្វើយ៉ាងណា កុំឲ្យមានហានិភ័យចំពោះបងប្អូនប្រជាពលរដ្ឋយើង។
រយៈពេល៩ ខែឆ្នាំ២០២០នេះ ពោលគិតចាប់ពីខែ មករា មកដល់ខែកញ្ញា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផលដែលក្លែងក្លាយខុសច្បាប់ទូទៅ សរុបចំនួន ១៣៤ ករណី ស្មើនឹង ៥៩៤.៦៥ តោន ដែលត្រូវយកទៅកម្ទេចចោល នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្នុងចំណោមបទល្មើសទាំងអស់នេះ រួមមាន ឱសថ ១៩ ករណី, ផលិតផលវេជ្ជសាស្ត្រប្រឆាំង និងមេរោគកូវីដ–១៩ ,ចំនួន១២ករណី, ផលិតផលឧបភោគបរិភោគ ៣៥ ករណី, ផលិតផលគ្រឿងសំអាង ២៩ ករណី, ផលិតផលប្រើប្រាស់ ២០ករណី, និងផលិតផលថ្នាំជក់ ១៩ ករណី។
ក្នុងនោះ អនុលោមតាមច្បាប់ ៩ ករណី, កិច្ចសន្យាអប់រំណែនាំ ១០៥ ករណី, ផាកពិន័យតាមវិធានក្រសួងពាក់ព័ន្ធ ១ ករណី, កំពុងបន្តនីតិវិធី ៦ករណី ខណៈបញ្ជូនសំណើរឿងទៅតុលាការ ១៣ករណី ឃាត់មនុស្ស ២៩ នាក់ ក្នុងនោះ កំពុងបន្តនីតិវិធី ១១ ករណី ដែលមានមនុស្ស ១៨ នាក់ និងតុលាការសម្រេច២ ករណី មនុស្ស ២នាក់ ដាក់ពន្ធនាគារ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបផលិតផលក្លែងក្លាយនេះ ធ្វើឡើងនៅតាមបណ្ដាលរាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ , ខេត្តកណ្ដាល, កំពង់ស្ពឺ, តាកែវ, ព្រះសីហនុ, បាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕
អត្ថបទ ៖ បាន ចក់




