កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំបានប្រកាសថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃនេះដោយសារជំងឺកូវីដ-១៩ ខណៈរកឃើញប្រជាពលរដ្ឋ ៧នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ត្រីម្នាក់អាយុ ៦៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ៧ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផលតេស្តសំណាកលើសពស្ត្រីរូបនេះ បានរកឃើញថា គាត់បានឆ្លងមេរោគកូវីដ-១៩។
ស្ត្រីរូបនេះ គឺជាពលរដ្ឋធ្វើដំណើរពីស្រុកមេសាង ខេត្តព្រៃវែង និងទៅស្នាក់នៅសង្កាត់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន ហើយត្រូវបាននាំចូលមន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែឧសភាកន្លងមកជាមួយអាការៈអស់កម្លាំង។
ទន្ទឹមគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងទៀតថា បានរកឃើញប្រជាពលរដ្ឋ ៧នាក់ផ្សេងទៀតបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ ៥នាក់ត្រូវបានរកឃើញលើពលរដ្ឋនៅឯឃុំបន្ទាយស្ទោង ស្រុកស្ទោង ហើយ ១ករណីទៀត រកឃើញលើពលរដ្ឋនៅក្រុងស្ទឹងសែន។
រដ្ឋបាលខេត្តនេះ បានឱ្យដឹងថាអ្នកជំងឺ ៤នាក់ទៀតក៏ត្រូវបានព្យាបាលជាសះស្បើយឡើងវិញផងដែរ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយឡើងដល់ ១២០នាក់ហើយ។
គិិតត្រឹមថ្ងៃនេះ ខេត្តកំពង់ធំរកឃើញមនុស្ស ២៩០នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺចំនួន ១៦៩នាក់កំពុងស្ថិតក្រោមការព្យាបាលបន្ត៕អត្ថបទ ៖ សុធី