កណ្តាល៖ ក្រុមពេទ្យនៅតាមមូលដ្ឋានសុខាភិបាលនានា នៅខេត្តកណ្តាល នៅថ្ងៃទី២០ ខែតុលានេះ បាននាំគ្នា បន្តចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាជំងឺភ្នែកក្រហម នៅតាមសាលារៀនរដ្ឋ និងឯកជននានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្នើដល់អ្នកជំងឺសែ្វងរកការពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវ ខណៈជំងឺភ្នែកក្រហមនេះ បច្ចុប្បន្នកំពុងមានការឆ្លងតៗ ក្នុងចំណោមក្រុមគ្រួសារ កន្លែងប្រមូលផ្តុំគ្នា នៅតាមសាលារៀន និងទីប្រជុំជននានា។
លោក ហាយ ឌី នាយកសាលាបឋមសិក្សាហ៊ុន សែនកំពង់សំណាញ់ ឋិតនៅក្នុងតាខ្មៅខេត្តកណ្តាល និងក្រុមសិស្ស បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែតុលានេះថា ក្រុមពេទ្យមកពីមណ្ឌលសុខភាពសង្កាត់តាខ្មៅ បានចុះមកអប់រំណែនាំតាមថ្នាក់រៀនឲ្យសិស្សយល់ដឹងអំពីវិធីការពារ និងការព្យាបាលជំងឺភ្នែកក្រហម ខណៈរៀងរាល់មុនពេលចូលរៀននាពេលព្រឹក និងល្ងាចពេលគោរពទង់ជាតិ សាលាក៏បានណែនាំសិស្ស និងអនុញ្ញាតឲ្យសិស្សឈប់សម្រាក ប្រសិនបើមានករណីសិស្សឆ្លងជំងឺភ្នែកក្រហម ដើម្បីសិស្សទៅជួបគ្រូពេទ្យនៅមូលដ្ឋានសុខាភិបាលព្យាបាលពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត លុន ម៉ារ៉ា ប្រធានចក្ខុរោគនៃមន្ទីរបង្អែកជ័យជំនះថ្លែងថា រយៈពេលប្រមាណមួយខែនេះ ក្នុងចំណោមអ្នកជំងឺភ្នែកជាង ៤០ រូប ដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យជ័យជំនះ មានអ្នកជំងឺជាង ៦០% បានកើតជំងឺភ្នែកក្រហម។
លោក បានណែនាំដល់អ្នកដែលកើតជំងឺភ្នែកក្រហមត្រូវមកពិគ្រោះ ពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ចៀសវាងការទៅទិញថ្នាំប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាច្បាស់លាស់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ជំងឺភ្នែកក្រហមភាគច្រើនជាជំងឺស្រាល តែវាងាយឆ្លងតៗគ្នា និងអាចជាសះស្បើយវិញក្នុងរយៈពេល៧ថ្ងៃទៅ១៤ថ្ងៃ។ វិធីបង្ការការឆ្លងជំងឺភ្នែកក្រហម នេះពលរដ្ឋទូទៅ ត្រូវរក្សាអនាម័យ ត្រូវឧស្សាហ៍លាងដៃ និងសាប៊ូឲ្យបានញឹកញាប់ ចៀសវាងការប៉ះ ឬញីភ្នែក កុំប្រើរបស់របររួមគ្នាជាមួយអ្នកកើតជំងឺនេះ និង កុំប្រើថ្នាំភ្នែករួមគ្នាដែលងាយនឹងការឆ្លងតៗគ្នា៕ អត្ថបទ ស៊ុម សុខជា