
មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងប្រទេសបារាំង ប៉ាគីស្ថាន ឈីលី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ពលរដ្ឋប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារជាច្រើនដងកាលពីសប្តាហ៍កន្លងទៅលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស រួមទាំងការវាយប្រហារតបត ពីអ៊ីស្រាអែល ដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ សម្រាប់ភាគីទាំងសងខាង។
ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅមុខអគារសំខាន់ៗ និងទីតាំងធំៗជាច្រើនទៀតក្នុងប្រទេសទាំងនោះ ដោយគ្រវីទង់ជាតិ និងបដា រិះគន់ថាអ៊ីស្រាអែល គឺកំពុងប្រព្រឹត្ត »អំពើប្រល័យពូជសាសន៍» នៅក្នុងការវាយប្រហារ ដែលកំពុងបន្តរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ស្រី្ទប របស់ប៉ាឡេស្ទីន។ នៅក្នុងប្រទេសបារាំង ដែលបានហាមប្រាមការតវ៉ាបែបនេះ បានមើលឃើញមនុស្សរាប់រយនាក់ ចេញតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅក្នុងរដ្ឋធានីរបស់ខ្លួន ដោយមានការអនុញ្ញាតពីក្រុមអាជ្ញាធរ។
គួររម្លឹកផងដែរថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលតាមរបងដើម្បីធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ព្រមទាំងចាប់ចំណាប់ថ្នូររាប់សិបនាក់ ត្រឡប់ទៅតំបន់ឆ្នេរហ៊ុមព័ទ្ធវិញ។
អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកច្រើនបំផុតរបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ហើយក៏កំពុងត្រៀមការវាយលុកលើទឹកដីផ្លូវគោក ដែលខ្លួនបានដកទ័ពចេញពីជិតពីរទសវត្សរ៍មុន បន្ទាប់ពីការកាន់កាប់អស់រយៈពេល ៣៨ឆ្នាំ មកផងដែរ៕