
ម្ចាស់ពានរង្វាន់អូស្ការ លោក George Clooney និងតារាហូលីវូដល្បីៗផ្សេងទៀត បានផ្តល់ប្រាក់ចំនួន ១៥០លានដុល្លារដល់សហជីពតារាសម្ដែង SAG-AFTRA ដែលជាផ្នែកមួយនៃសំណើ ដើម្បីឲ្យបញ្ចប់ការធ្វើកូដកម្មរបស់តារាសម្ដែង ខណៈដែលកូដក្មនេះ កើតមានឡើងជិតគ្រប់ ១០០ថ្ងៃហើយ។
ការផ្តល់ជូនរបស់ពួកគេ ដែលត្រូវបានបញ្ជាក់អះអាងដោយអ្នកនាំពាក្យរបស់លោក Clooney កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) នឹងផ្តល់ឲ្យសហជីពនូវទឹកប្រាក់បន្ថែមចំនួន ១៥០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ និងអាចជួយផ្តល់មូលនិធិ ដែលធ្វើឲ្យអត្ថប្រយោជន៍ផ្នែកសុខភាពប្រសើរឡើង។
លោក Clooney បានប្រាប់សារព័ត៌មានហូលីវូដ Deadline ដែលបានរាយការណ៍ព័ត៌មានពីដំបូងថា៖ «តារារកប្រាក់ចំណូលបានខ្ពស់ជាច្រើនរូប ចង់ជាផ្នែកនៃដំណោះស្រាយនេះ។ យើងគិតថា ជារឿងយុត្តិធម៌សម្រាប់យើង ក្នុងការបង់ប្រាក់បញ្ចូលបន្ថែមចូលទៅក្នុងសហជីព»។
អ្នកនាំពាក្យរបស់សហជីព SAG-AFTRA មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សមាជិកនៃសហជីប SAG-AFTRA បានធ្វើកូដកម្មតាំងពីខែកក្កដាមកម៉្លេះ។ កិច្ចពិភាក្សារវាងសហជីព និងសម្ព័ន្ធអ្នកផលិតរូបភាព និងទូរទស្សន៍ (AMPTP) បានបរាជ័យ កាលពីសប្តាហ៍មុន ដោយធ្វើឲ្យបាត់បង់នូវក្តីសង្ឃឹម សម្រាប់ការមានដំណោះស្រាយឆាប់រហ័ស៕