
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងថាជា «គ្រោះថ្នាក់» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលើកឡើងពី «កម្រិតយុទ្ធសាស្ត្រថ្មី»នៃទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរនេះ។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់បេសកជនជើងចាស់រូបនេះ ត្រូវបានគេរំពឹងថា នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរទៅកាន់ប្រទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានអញ្ជើញដោយមេដឹកនាំគីម ជុងអ៊ុន កាលពីខែមុន នៅឯកិច្ចប្រជុំកំពូលដែលដឹងឮសុះសាយមួយ នៅចុងខាងកើតនៃប្រទេសរុស្ស៊ី។
ក្រុមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា លោកឡាវរ៉ូវ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ដូចមិត្តភក្តិកូរ៉េខាងជើងរបស់យើង យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងតំបន់ និងដោយគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន...យើងប្រឆាំងនឹងគោលការណ៍ដែលមិនមានលក្ខណៈស្ថាបនា និងគ្រោះថ្នាក់នេះ។
លោកបាននិយាយថា៖«យើងប្រឆាំងនឹងគោលការណ៍ដែលមិនមានលក្ខណៈស្ថាបនា និងគ្រោះថ្នាក់នេះ» លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងដាក់ «ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងសមាសធាតុនុយក្លេអ៊ែរ» នៅក្នុងតំបន់ ដោយមិនបានបញ្ជាក់លម្អិតឡើយ។