
ទូរទស្សន៍ NTV និងប្រព័ន្ធផ្សព្វផ្សាយទួរគី បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) ថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងអង់ការ៉ា លោកស្រី Irit Lillian បានចាកចេញពីប្រទេសទួរគីហើយ រួមជាមួយអ្នកការទូតអ៊ីស្រាអែលដទៃទៀត។ តែស្ថានទូតអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះឡើយ។
កាលពីដើមសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានចេញការព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសទួរគី ដោយលើកឡើងពីការភ័យខ្លាចថា ពលរដ្ឋអ៊ីស្រាអែលនឹងត្រូវបានក្លាយគោលដៅធ្វើបាបពីអ្នក ដែលមានកំហឹងនឹងជម្លោះ នៅតំបន់ហ្គាហ្សា។
ក្រុមប្រឹក្សាក៏បានជំរុញឲ្យពលរដ្ឋអ៊ីស្រាអែលនៅប្រទេសទួរគីចាកចេញឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីការព្រមាននេះ ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល បានរៀបចំជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល កាលពីល្ងាចថ្ងៃពុធ សម្រាប់ជនជាតិអ៊ីស្រាអែល ដែលចង់ចាកចេញពីទួរគី។
សូមរំលឹកថា ក្រុមបាតុករទួរគី បានធ្វើបាតុកម្មជាច្រើនប្រឆាំងអ៊ីស្រាអែល ហើយទួរគីបានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ បន្ទាប់ពីមានការបំផ្ទុះ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ នៅឯមន្ទីរពេទ្យ នៅតំបន់ហ្គាហ្សា៕