ភ្នំពេញ ៖ សហភាពអឺរ៉ុបមានទំនាក់ទំនងសហប្រតិបត្តិការ ជាមួយកម្ពុជាជាយូរមកហើយទៅលើវិស័យកសិកម្ម អប់រំ និងធុរកិច្ច ហើយសហភាពអឺរ៉ុបនឹងបន្តសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម អុីហ្គោរ៍ ទ្រីសម៉ាន់ បានមានប្រសាសន៍ថា លោកធ្លាប់បានមករាជធានីភ្នំពេញចំនួន៣លើកមកហើយ រាជធានីភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត។ សម្រាប់សហភាពអឺរ៉ុបមានទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ជាយូរមកហើយ។ ការជួបពិភាក្សាការងាររដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត។ សហភាពអឺរ៉ុបតាមរយៈកិច្ចសហប្រតិបត្តិការកន្លងមកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជាច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលមន្ត្រី និងសម្រេចបានគម្រោងមួយចំនួនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនសហភាពអឺរ៉ុបពីភូមិសាស្ត្រ និងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ និងការខិតខំកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើឲ្យរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយក្រៅពីមានមន្ទីរពេទ្យរដ្ឋចំនួន១០កន្លែងហើយ នូវបានបង្កើតនូវមន្ទីរពេទ្យថ្មី និងធំមួយទៀត នោះគឺមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានរហូតដល់១ម៉ឺនគ្រែ ដែលគ្រោងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





