
ប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា អ្នកទស្សនានៅវិមាន Versailles ត្រូវបានបង្ខំឲ្យជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) ដែលជាលើកទី៤ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដោយសារតែការគំរាមកំហែង ដោយគ្រាប់បែក។ អាកាសយានដ្ឋាននៅទូទាំងប្រទេសបារាំង ក៏ត្រូវបានជម្លៀសចេញផងដែរ បន្ទាប់ពីមានការព្រមានអំពីការបំផ្ទុះគ្រាប់បែកនេះ។
ប្រទេសបារាំងបានបង្កើនការប្រកាសអាសន្នពីអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត ចំពេលមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា។ ការប្រកាសអាសន្នខ្ពស់បំផុតត្រូវបានដាក់ឲ្យដំណើរការបន្ទាប់ពីគ្រូបង្រៀនម្នាក់ត្រូវបានចាក់សម្លាប់នៅឯវិទ្យាល័យមួយ នាភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃសុក្រសប្តាហ៍មុនដោយបុរសជនជាតិអ៊ីស្លាមដែលបានបញ្ចប់ការសិក្សាពីសាលានេះ។ អាជ្ញាធរស៊ើបអង្កេត កំពុងស្វែងរកទំនាក់ទំនង ដែលអាចកើតមាន រវាងឧបទ្ទវហេតុនេះ និងក្រុមអ៊ីស្លាមជ្រុលនិយម។
អាជ្ញាធរបារាំងបានឲ្យដឹងថា អាកាសយានដ្ឋានក្នុងស្រុកចំនួន ១៣ ក្នុងនោះរួមទាំងនៅទីក្រុង Nantes និង Lille ផងដែរ បានទទួលការគំរាមកំហែងបំផ្ទុះ កាលពីថ្ងៃព្រហស្បតិ៍។ មនុស្សត្រូវបានជម្លៀសជាបណ្ដោះអាសន្ន នៅព្រលានយន្តហោះភាគច្រើន។ ជើងហោះហើរមួយចំនួនក៏ត្រូវបានលុបចោលផងដែរ
រដ្ឋាភិបាលបារាំងប្រាប់ថា អាកាសយានដ្ឋានចំនួន ១៧ នៅក្នុងប្រទេស បានទទួលការគំរាមកំហែង កាលពីថ្ងៃពុធ ដែលនាំឲ្យមានការលុបចោលជើងហោះហើរចំនួន ១៣០៕