ប្រេស៊ីល៖ ការិយាល័យពន្លត់អគ្គិភ័យទីក្រុងបាននិយាយថា អគារកម្ពស់ ៤ជាន់បានបាក់រលំនៅភាគខាងលិចទីក្រុង Rio de Janeiro បណ្ដាលឲ្យមនុស្សពេញវ័យម្នាក់ និងកុមារម្នាក់បានបាត់បង់ជីវិត និងបានបំផ្លាញលំនៅឋាននៅក្បែរនោះ។

ជនរងគ្រោះជាឪពុកអាយុ ៣០ឆ្នាំ និងកូនស្រីអាយុ ៣ឆ្នាំ។ ការិយាល័យពន្លត់អគ្គិភ័យក្នុងស្រុកបានបញ្ជាក់ថា មានអ្នកស្រុកដែលរងរបួសចំនួន ៤នាក់ត្រូវបានគេជួយសង្គ្រោះពីគំនរបាក់បែក ហើយការងារជួយសង្គ្រោះកំពុងបន្តធ្វើ។ យោងតាមអ្នករស់នៅអគារជិតខាងបានអោយដឹងថា សំឡេងបានផ្ទុះឡើងដោយសារការបាក់រលំអគារភ្លាមៗ និងមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ បច្ចុប្បន្នអគ្គិភ័យត្រូវបានពន្លត់ ហើយអ្នកស្រុកបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ប៉ុន្តែចំនួនអ្នកស្លាប់ និងរបួសមិនទាន់អាចសន្និដ្ឋានបាននៅឡើយ។
ទោះបីមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ វាមិនមែនជាលើកទី១ នោះទេដែលគ្រោះថ្នាក់បាក់អគារបានកើតឡើង។ នៅឆ្នាំ២០១៩ មនុស្ស ២៤នាក់បានស្លាប់ ខណៈអគារដែលគ្មានការអនុញ្ញាត ២កន្លែងបានបាក់រលំ។ ក្រោយមកមករដ្ឋាភិបាលក្រុងបានចាប់ផ្ដើម កម្ទេចសំណង់អគារខុសច្បាប់នៅភាគខាងលិចនៃទីក្រុង ហើយ ៧៥% នៃសំណង់អគារទាំងនោះត្រូវបានកម្ទេចចោលតាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០៕
អត្ថបទ៖ ប៊ុនថន