
សាកសពជនជាតិថៃ ៨នាក់ ដែលត្រូវបានសម្លាប់នៅអ៊ីស្រាអែល អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសថៃវិញនៅថ្ងៃសុក្រនេះ តាមជើងហោះហោះរពាណិជ្ជកម្មអ៊ីស្រាអែល ។
ក្រុមមន្រ្តីរដ្ឋាភិបាល បានរៀបចំពិធីប្រារព្ធការវិលត្រឡប់មកវិញរបស់ពលរដ្ឋថៃដែលបានស្លាប់ ដោយមានការចូលរួមផងដែរពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ។
សាកសពទាំងនេះ នឹងត្រូវដឹកទៅកាន់ខេត្តកំណើតរៀងៗខ្លួន ដែលភាគច្រើននៅតំបន់ភាគឦសានប្រទេសថៃ ដើម្បីរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី ។
យោងតាមការអះអាងរបស់ក្រសួងការបរទេសថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនពលរដ្ឋថៃស្លាប់សរុប មានចំនួន ៣០នាក់ ខណៈដែលពលរដ្ឋ ១៦នាក់ បានរងរបួស ហើយនិងពលរដ្ឋ ១៧នាក់ទៀត ត្រូវបានចាប់ជម្រិត ។ ពលរដ្ឋថៃសរុប ៨.២៧៣នាក់ បានបង្ហាញពីគោលបំណងរបស់ពួកគេ ចង់វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ។
លោក Piroj Chotikasatienគឺជារដ្ឋលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការងារថៃ និយាយថា ចំនួនពលរដ្ឋថៃដែលចង់វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ បន្តកើនឡើង ។ នៅថ្ងៃនេះ ពួកយើងមានជើងហោះហើរ ២វ៉ុលមកពីអ៊ីស្រាអែល ដឹកមនុស្ស ៥០០នាក់ ។ លោកបន្តថា ពួកយើងកំពុងព្យាយាមនាំពលរដ្ឋថៃវិលត្រឡប់មកស្រុកកំណើតវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕