
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា របាយការណ៍របស់មន្ទីរបច្ចកោណសហរដ្ឋអាមេរិកបញ្ជាក់ថា ចិនប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ១ពាន់គ្រាប់នោះ គឺពោរពេញដោយភាពលំអៀង ហើយនិងបំភ្លៃការពិត ។
មន្ទីរបច្ចកោណបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីយោធារបស់ទីក្រុងប៉េកាំងដែលត្រូវបានបញ្ចេញឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការជាង ៥០០គ្រាប់ បំពាក់នៅលើកំាភ្លើងធំរបស់ពួកគេ ហើយប្រហែលជាមានក្បាលគ្រាបជាង ១ពាន់គ្រាប់នៅឆ្នាំ ២០៣០ ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយប្រាប់សន្និសីទព័ត៌មានថា ជាបឋម របាយការណ៍សហរដ្ឋអាមេរិក ដូចគ្នានឹងរបាយការណ៍ស្រដៀងគ្នាមុនរបាយការណ៍នេះ គឺពុំបានអើពើនឹងការពិត ពោរពេញដោយភាពលំអៀង ហើយនិងសាយភាយទ្រឹស្តីការគំរាមកំហែងបង្កឡើងដោយចិន ។
អ្នកស្រី Ning បន្តថា ចិនសូមធ្វើការជំទាស់យ៉ាងមុតមាំចំពោះរបាយការណ៍នេះ ។ ចិនប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តនុយក្លេអ៊ែរការពារ និងស្វ័យការពារ ពួកយើងតែងតែរក្សាកម្លាំងនុយក្លេអ៊ែររបស់ពួកយើង នៅកម្រិតទាបបំផុត ដែលត្រូវការសម្រាប់សន្តិសុខជាតិ ហើយពួកយើងគ្មានបំណងចូលរួមការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនោះទេជាមួយប្រទេសណាមួយ ។
អ្នកស្រីនិយាយទៀតថា គោលនយោបាយនុយក្លេអ៊ែរចិន គឺពិសេសនៅក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរ ហើយពួកគេបានរក្សាកម្រិតខ្ពស់បំផុតនៃស្ថិរភាព និរន្តន៍ភាព និងការព្យាករណ៍ ។ ដរាបណាប្រទេសណាមួយមិនប្រើប្រាស់ ឬគំរាម ប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងចិន វានឹងមិនរងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ចិននោះឡើយ ។
បើទោះបីជាចំនួនកើនឡើងអាវុធនុយក្លេអ៊ែររបស់ចិនយ៉ាងណាក្តី វានៅតែមានចំនួនទាបជាងខ្លាំងនឹងអាវុធនុយក្លេអ៊ែរ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិកមាន ៕